ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងពិធីមួយសម្រាប់ការបង្ហាញសារតាំងរបស់បណ្តាឯកអគ្គរដ្ឋទូតបរទេស នៅវិមានក្រឹមឡាំងថា រុស្ស៊ីមិនស្វែងរកការប្រឈមមុខដាក់គ្នា ហើយសង្ឃឹមថា អឺរ៉ុប នឹងអនុម័តវិធីសាស្រ្តសមហេតុផលសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងមូស្គូ។
ដោយថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតមកពីប្រទេស ដែលមានចាត់ទុកថា មិនមានភាពស្និទ្ធស្នាលនឹងគ្នា ក្នុងនោះមានតំណាង ៨រូប មកពីប្រទេសសហភាពអឺរ៉ុប លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា៖«រុស្ស៊ីតែងតែមាន ហើយនឹងតែងតែប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយមិនស្វែងរកការប្រឈមមុខដាក់គ្នា។ ខ្ញុំជឿជាក់ថា វិធីសាស្រ្តសមហេតុផល និងមានសមតុល្យនៃកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី នឹងទទួលបានជោគជ័យជាថ្មី»។
លោក ពូទីន បានបន្ថែមថា៖«យោងតាមប្រវត្តិសាស្រ្ត ទំនាក់ទំនងរវាងប្រទេសរបស់អ្នក និងរុស្ស៊ីចាក់ឫសគល់យ៉ាងជ្រៅ ដោយត្រូវបានកត់សម្គាល់តាមរយៈភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមក ការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ដ៏ចំា បាច់នោះ»។
ប្រធានាធិបតីរុស្ស៊ីនេះ បានគូសបញ្ជាក់ពីវត្តមានរបស់ឯកអគ្គរដ្ឋទូតមកពីប្រទេសដែលមិនមានភាពរាក់ទាក់ចំពោះរុស្ស៊ីមាន ជប៉ុន កាណាដា ម៉ាល់តា អាល់បានី នូវែលសេឡង់ អ៊ីតាលី អេស្ប៉ាញ ដាណឺម៉ាក បែលហ្ស៊ិក ហូឡង់ និងហ្វាំងឡង់។ លោក បាននិយាយថា៖«នេះ គឺមិនមែនជារឿងសម្ងាត់ទេ ដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសរបស់យើង ត្រូវបានឲ្យតម្លៃទាប ទៅលើបញ្ហាផ្លូវការ ធុរកិច្ច និងសាធារណៈ។ កិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ត្រូវបានផ្អាក»។