បណ្ដាមេដឹកនាំពិភពលោក បានចូលរួមអបអរលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ដែលបានអះអាងនូវជ័យជម្នះក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ទល់នឹងបេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដែលជាការវិលត្រលប់ផ្នែកនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេល ៤ឆ្នាំ បន្ទាប់ពីលោកបានចាកចេញពីសេតវិមាន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហោះនៅលើបណ្ដាញសង្គម X ថា "យើងសូមអបអរ និងកោតសរសើចំពោះលោកប្រធានាធិបតី Trump លើការប្តេជ្ញាចិត្តចំពោះវិធីសាស្រ្ត «សន្តិភាពតាមរយៈកម្លាំងដ៏រឹងមាំ» នៅក្នុងកិច្ចការពិភពលោក "។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានសរសេរលើបណ្ដាញសង្គម X ថា “អបអរការវិលត្រឡប់ដ៏ប្រវត្តិសាស្រ្ត” ខណៈនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា "នេះគឺជាជ័យជម្នះដ៏ស្រស់ស្អាតសម្រាប់លោក Trump"។
ប្រធានាធិបតីបារាំង មេដឹកនាំអែលសាល់វ៉ាឌ័រ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រមុខសម្ព័ន្ធយោធាណាតូ មន្រ្តីរុស្ស៊ី រួមទាំងមេដឹកនាំពិភពលោកជាច្រើនរូបទៀត រួមទាំងអ្នកគាំទ្ររបស់លោក Trump ផ្ទាល់នៅសហរដ្ឋអាមេរិក ក៏សម្ដែងការអបអរសាទរ និងក្ដីរំភើបរីករាយដល់លោកសម្រាប់លទ្ធផលដ៏ភ្ញាក់ផ្អើលនេះផងដែរ៕