ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តសញ្ជាតិប៊ែលហ្ស៊ិក Thierry Neuville បានប្រជែងឈ្នះការប្រកួតនៅ Catalunya ប្រទេសអេស្ប៉ាញដែលជាជ័យជំនះទី៤ ក្នុងរដូវកាលនេះ។ កីឡាកររបស់ក្រុមប្រណាំង Hyundai រូបនេះបានបញ្ចប់ការប្រកួតដោយមានថេរវេលាល្អជាងអ្នកលេខ២ កីឡាករអង់គ្លេស Elfyn Evans របស់ក្រុម Toyota ចំនួន ២៤.១វិនាទី ខណៈមិត្តរួមក្រុម Hyundai របស់ Neuville កីឡាករម្ចាស់ផ្ទះអេស្ប៉ាញ Dani Sordo បានលេខ៣ តាមពីក្រោយអ្នកឈ្នះ ៣៥.៣វិនាទី។

យ៉ាងណាក្តីអ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោកនៅតែមិនផ្លាស់ប្តូរនៅឡើយគឺកីឡាករបារាំង Sebastian Ogier ដែលទទួលបានចំណាត់ថ្នាក់លេខ៤ នៅអេស្ប៉ាញនេះដើម្បីបន្តការនាំមុខលើអ្នកលេខ២ Elfyn Evans ចំនួន ១៧ពិន្ទុ។ Thierry Neuville ដែលឈ្នះការប្រកួតនៅអេស្ប៉ាញនេះបានឡើងមកលេខ៣ ក្នុងតារាងជើងឯកមាន ១៥៩ពិន្ទុដេញពីក្រោយអ្នកលេខ២ ចំនួន ២៨ពិន្ទុ និងដេញពីក្រោយអ្នកនាំមុខគេ ៤៥ពិន្ទុ។ ការប្រកួតប្រណាំងរថយន្ត Rally ពិភពលោក WRC World Championship នឹងបិទបញ្ចប់នៅខែក្រោយនេះហើយនៅលើទឹកដីអ៊ីតាលី៕
អត្ថបទ៖នាង សុភាវុធ