ប្រទេសម៉ាឡេស៊ី គ្រោងនឹងចាប់ផ្តើមការស្វែងរកឡើងវិញសម្រាប់ជើងហោះហើរ MH370 ដែលជួបជោគវាសនាអាក្រក់ជាងមួយទសវត្សរ៍មុនបន្ទាប់ពីយន្តហោះនោះបានបាត់ខ្លួន ដោយលើកឡើងពីសំណើ "គួរឱ្យទុកចិត្ត" ដែលបង្ហាញពីតំបន់ស្វែងរកថ្មីនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង។
យន្តហោះ ប៊ូអ៊ីង៧៧៧ (Boeing 777) ដឹកអ្នកដំណើរ ២២៧នាក់ និងបុគ្គលិក ១២នាក់ បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ខណៈពេលកំពុងធ្វើដំណើរពីទីក្រុង គូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការស្វែងរករួមគ្នាក្នុងខែមករា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានការរកឃើញអ្វីគួរឱ្យកត់សម្គាល់ ហើយការស្វែងរកជាបន្តបន្ទាប់ដោយក្រុមហ៊ុនឯកជនមានមូលដ្ឋាននៅអាមេរិក អូស៊ិន អ៊ីនហ្វីននីធី (Ocean Infinit ក៏បានបញ្ចប់ដោយមិនជោគជ័យក្នុងខែមិថុនា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke បានបញ្ជាក់កាលពីថ្ងៃអង្គារ (០៥ វិច្ឆិកា) ថា ទីក្រុងគូឡាឡាំពួរ កំពុងចរចាជាមួយក្រុមហ៊ុន Ocean Infinity ទាក់ទងនឹងសំណើដែលបានធ្វើនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ដើម្បីបន្តការស្វែងរកក្រោមបាតសមុទ្រឡើងវិញ សម្រាប់បំណែកយន្តហោះនៅក្នុងតំបន់ ១៥.០០០គីឡូម៉ែត្រក្រឡា ពីឆ្នេរសមុទ្ររដ្ឋ វេស្ទើន អូស្ត្រាលី (Western Australia)។ សំណើនេះគឺផ្អែកលើគោលការណ៍ "រកមិនឃើញ មិនគិតថ្លៃ" ដែលមានន័យថា រដ្ឋាភិបាលនឹងមិនបង់ប្រាក់ទេ ប្រសិនបើគ្មានការរកឃើញណាមួយ។
លោកបន្ថែមថា ក្រុមហ៊ុន Ocean Infinity ចង់បានថ្លៃសេវា ៧០លានដុល្លារអាមេរិក ដែលជាចំនួនប្រហាក់ប្រហែលនឹងអ្វីដែលបានស្នើឡើងក្នុងឆ្នាំ២០១៨ ប្រសិនបើបំណែកយន្តហោះត្រូវបានរកឃើញ។ ក្រសួងដឹកជញ្ជូននឹងប្រកាសព័ត៌មានលម្អិតបន្ថែម បន្ទាប់ពីបញ្ចប់ការចរចា និងការអនុម័តពីគណៈរដ្ឋមន្ត្រី៕