ប្រភពតុលាការបារាំងបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានចុះឆ្មក់ឆែកឆេរការិយាល័យរបស់ក្រុមហ៊ុនចាក់ផ្សាយភាពយន្ត ណេតហ្វ្លីច (Netflix) ដ៏ធំរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសបារាំង និងហូឡង់ កាលពីថ្ងៃអង្គារ (០៥ វិច្ឆិកា) ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមលើការក្លែងបន្លំពន្ធ។
ការស៊ើបអង្កេតរបស់បារាំង ធ្វើឡើងដោយទីភ្នាក់ងារហិរញ្ញវត្ថុជាតិ (PNF) ដែលជាអង្គភាពកាត់ទោសឧក្រិដ្ឋកម្មហិរញ្ញវត្ថុពិសេសពាក់ព័ន្ធនឹងក្រុមហ៊ុនអន្តរជាតិធំៗនោះ ត្រូវបានបើកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រុមហ៊ុន Netflix បានប្រាប់សារព័ត៌មានរ៉យទ័រថា "យើងកំពុងសហការជាមួយអាជ្ញាធរបារាំង ដែលក្រុមហ៊ុន Netflix ជាអ្នករួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក ហើយយើងក៏គោរពតាមច្បាប់ និងបទប្បញ្ញត្តិពន្ធនៅក្នុងប្រទេសទាំងអស់ដែលយើងប្រតិបត្តិការ"។
ការស៊ើបអង្កេតបឋមនៅបារាំង មិនបញ្ជាក់ពីការចោទប្រកាន់ព្រហ្មទណ្ឌទេ ហើយក៏មិនចាំបាច់ឈានដល់ការកាត់ក្តីដែរ។ គេមិនទាន់ច្បាស់ទេថា តើមូលហេតុអ្វីពិតប្រាកដដែលជំរុញឱ្យមានការស៊ើបអង្កេតនោះ។ គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលផ្តល់សេវាកម្មអនឡាញ និងការជាវចូលជាសមាជិក (subscriptions) ឆ្លងកាត់ព្រំដែន ជារឿយៗជួបការលំបាកជាមួយអាជ្ញាធរពន្ធអឺរ៉ុប៕