រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយថា លោកត្រូវបានបណ្តេញចេញពីតំណែងដោយលោក Benjamin Netanyahu ដោយសារការមិនឯកភាពគ្នាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលម្នាក់នេះ ។
លោក Gallant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថា រយៈពេលប៉ុន្មាននាទីមុនវេលាម៉ោង ៨ យប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១៨ម៉ោងសកល ថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី បានជូនដំណឹងទៅកាន់រូបខ្ញុំថា លោកបានសម្រេចចិត្តបណ្តេញរូបខ្ញុំចេញពីតំណែងរដ្ឋមន្រ្តីការបារជាតិ ស្របពេលមានសង្រ្គាម ។
លោក Netanyahu បាននិយាយនៅមុននេះថា លោកបានបណ្តេញលោក Gallant ចេញពីតំណែអងដោយសារវិបត្តិទំនុកចិត្ត ហើយជំនួសរូបគាត់ដោយលោក Israel Katz ដែលកាលពីមុនកាន់តំណែងជារដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល ។
ការិយាល័យរបស់លោក Netanyahu និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកនាយករដ្ឋមន្រ្តី បានតែងតាំងលោក Gideon Saar ជារដ្ឋមន្រ្តីការបរទេសថ្មីរបស់អ៊ីស្រាអែល ។
លោក Gallant និងលោក Netanyahu មកពីគណបក្សនិយមស្តាំ Likud ដូចគ្នា បានប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនខែមកហើយជុំវិញសង្រ្គាមរយៈពេល ១៣ខែនៅតំបន់ហ្កាហ្សា ប្រឆាំងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ ។
សេចក្តីរាយការណ៍កាលពីខែកញ្ញា បានឲ្យដឹងថា លោក Netanyahu ដែលស្ថិតក្រោមសំពាធពីដៃគូរដ្ឋាភិបាលចម្រុះនិយមស្តាំជ្រុល បានពិចារណាការបណ្តេញលោក Gallant ចេញពីតំណែង ។
ខណៈពេលនោះដែរ បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងតែល អាវីវ និងតំបន់ផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសអ៊ីស្រាអែល ក្រោយការបណ្តេញរូបលោក Gallant ចេញពីតំណែងរដ្ឋមន្រ្តីការពារជាតិ ៕


