ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅព្រឹកថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) នេះ បានអបអរភ្លាមៗដល់លោក Donald Trump ដែលឈ្នះការបោះឆ្នោតសហរដ្ឋអាមេរិក ដោយនិយាយថា វិធីសាស្រ្ត «សន្តិភាពតាមរយៈកម្លាំង» របស់គណបក្សសាធារណរដ្ឋ ចំពោះកិច្ចការពិភពលោក អាចធ្វើឲ្យប្រទេសអ៊ុយក្រែនខិតកាន់តែកៀកនឹង «សន្តិភាព»។
លោក Zelenskiy នៅក្នុងសារមួយ ភ្លាមៗបន្ទាប់ពីលោក Trump បានទទួលជ័យជម្នះ បានសរសើរការឈ្នះការបោះឆ្នោតនេះថា ជាជ័យជម្នះ «ដ៏អស្ចារ្យ» ហើយបាននិយាយថា លោកទន្ទឹងរង់ចាំ «យុគសម័យសហរដ្ឋអាមេរិកដ៏រឹងមាំមួយ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកប្រធានាធិបតី Trump»។
ល្បឿននៃការចេញសារនេះ មានគោលបំណងកសាងទំនាក់ទំនងឲ្យបានឆាប់រហ័សជាមួយរដ្ឋបាលបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ចំពេលមានភាពមិនប្រាកដប្រជា អំពីអ្វីដែលតំណែងប្រធានាធិបតីរបស់លោក Trump នឹងជះឥទ្ធិពលចំពោះសង្គ្រាម។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ គឺលោក Joe Biden សហរដ្ឋអាមេរិក បានចំណាយប្រាក់រាប់សិបពាន់លានដុល្លារជាជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួន ក្នុងឆ្នាំ២០២២។ ហើយលោក Trump បានរិះគន់កម្រិតនៃការគាំទ្ររបស់សហរដ្ឋអាមេរិក ដោយបានបដិសេធមិននិយាយថា លោកចង់ឲ្យអ៊ុយក្រែនឈ្នះសង្រ្គាម និងបានសន្យាថា នឹងបញ្ចប់ជម្លោះ មុនពេលលោកចូលកាន់តំណែងក្នុងខែមករា តែមិនបានពន្យល់ពីវិធីសាស្ត្រនោះឡើយ។
លោក Zelenskiy បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា៖ «ខ្ញុំកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Trump ចំពោះវិធីសាស្រ្តសន្តិភាពតាមរយៈកម្លាំង នៅក្នុងកិច្ចការពិភពលោក។ នេះពិតជាគោលការណ៍ ដែលអាចធ្វើឲ្យប្រទេសអ៊ុយក្រែនខិតកាន់តែកៀកនឹងសន្ដិភាព។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងអនុវត្តជាមួយគ្នា»៕


