ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានបង្ហាញជំនឿចិត្តថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នៅតែល្អប្រសើរដដែល មិនសំខាន់លើលទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនោះឡើយ ស្របពេលមានការគំរាមកំហែងពីលោក Donald Trump ថានឹងដំឡើងពន្ធ ជុំវិញបញ្ហាគ្រឿងញៀន ហើយលោកនឹងផ្តើមគំនិតឲ្យមានការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ។
លោកស្រី Sheinbaum និយាយថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក គួរតែជូនដំណឹងពីកិច្ចខិតខំរបស់ម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ទៅកាន់ព្រំដែនភាគខាងជើង ស្របពេលលោកស្រីចៀសវាងពីការធ្វើសេចក្តីអត្ថាធិប្បាយពីបេក្ខជនជាក់លាក់ណាម្នាក់ ។
គួរឲ្យដឹងថា ការធ្វើអន្តោប្រវេសន៍ គឺជាបញ្ហាកំពូលសម្រាប់អ្នកបោះឆ្នោត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ជាពិសេសនៅក្នុងចំណោមក្រុមសាធារណរដ្ឋ ហើយលោក Trumpដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ បានប្រើភាសាខ្លាំងៗរបស់លោក ជុំវិញបញ្ហាមួយនេះ ។
នៅក្នុងឆ្នាំសារពើពន្ធ ២០២៣ ភ្នាក់ងារព្រំដែន ចាប់បានជាមធ្យមជនអន្តោប្រវេសន៍ ១៧ម៉ឺននាក់ ក្នុង ១ខែ ។
ក្នុងឆ្នាំសារពើពន្ធ ២០១៩ មុនពេលការរីករាលដាលឆ្លងសកលជំងឺ COVID-19 និងអំឡុងកាន់តំណែងជាប្រធានាធិបតីរបស់លោក Trupm ជនអន្តោប្រវេសន៍ជាធម្យមមានប្រហែល ៧១.០០០ក្នុង ១ខែ ។
លោក Trump បានសន្យានិរទេសជនអន្តោប្រវេសន៍កម្រិតប្រវត្តិសាស្រ្ត បើសិនជាលោកជាប់ឆ្នោតម្តងទៀត ។ កាលពីថ្ងៃចន្ទ លោកបានព្រមានថា បើសិនជាលោកជាប់ឆ្នោត លោកនឹងដាក់ទោសម៉ិកស៊ិក និងចិនជាមួយនឹងការដំឡើងពន្ធ លុះត្រាតែរដ្ឋាភិបាលទាំង ២នេះ ចាត់វិធានការបញ្ឈប់លំហូរចូលសារធាតុញៀនហ្វេនតានីល ទៅក្នុងសហរដ្ឋអាមេរិក ៕

