លោក Krzysztof Bosak មេដឹកនាំសម្ព័ន្ធមិត្តស្តាំនិយមជ្រុលរបស់ប៉ូឡូញ និងជាសេនាធិការរងនៃសភាជាន់ទាប បានប្រាប់សារព័ត៌មាន TVP Infoថា រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski កំពុងជំរុញប្រទេសនេះ ឈានទៅរកជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ដោយធ្វើសេចក្តីថ្លែងការណ៍អំពីតម្រូវការក្នុងបាញ់ទម្លាក់មីស៊ីលពីខាងលើអ៊ុយក្រែន។
លោកបានចង្អុលបង្ហាញថា៖«យើងមិនទាន់ត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ីទេ។ អ្នកនយោបាយរូបនេះ បានបញ្ជាក់ថា ខ្ញុំជឿថា លោករដ្ឋមន្ត្រី Sikorski បានលើកឡើងពីអ្វីដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើនៅពេលដែលលោក ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈថា ប៉ូឡូញត្រូវបានគេចោទប្រកាន់ថា ចង់ប្រើអាវុធរបស់ខ្លួន ដើម្បីប្រឈមមុខនឹងអាវុធរុស្ស៊ីដោយផ្ទាល់ ពីខាងលើអ៊ុយក្រែន។ នេះគ្មានន័យអ្វីក្រៅពីការធ្វើសង្រ្គាមទេ»។ លោកបានបន្ថែមថា៖«យើងមិនចង់ចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ យើងមិនចង់ឲ្យសង្រ្គាមរីករាលដាលបន្ថែមទៀត និងប៉ះពាល់ដល់ប៉ូឡូញ» ។
កាលពីពេលមុននេះ លោក Sikorski បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ និងបទសម្ភាសន៍របស់លោកថា ប្រទេសប៉ូឡូញ និងប្រទេសផ្សេងទៀតដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន គួរតែបាញ់ទម្លាក់មីស៊ីលរុស្ស៊ីដែលហោះឆ្ពោះទៅព្រំដែនរបស់ពួកគេ។ កាលពីថ្ងៃទី ៨ ខែកក្កដា លោក នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Vladimir Zelensky ថា ទីក្រុងវ៉ាសូវី នឹងពិភាក្សាអំពីគំនិតផ្តួចផ្តើមជាមួយសម្ព័ន្ធមិត្តណាតូ។
ទោះយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន មានការសង្ស័យចំពោះគំនិតរបស់ប៉ូឡូញ។ អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានបញ្ជាក់ថា វាអាចធ្វើឲ្យជម្លោះ កាន់តែកើនឡើង។

