ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ទាហានកូរ៉េខាងជើងនៅក្នុងជួរមុខ ភាគខាងលិចរបស់រុស្ស៊ី មិនទាន់បានចូលរួមក្នុងការប្រយុទ្ធពេញទំហឹង ជាមួយកងកម្លាំងអ៊ុយក្រែន នៅឡើយទេ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យប្រធានាធិបតី បានចែករំលែកការវាយតម្លៃនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូមឌីមី ហ្សេឡិនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ពីការចូលរួមប្រយុទ្ធលើកដំបូងរវាងកងទ័ពកូរ៉េខាងជើង និងកងកម្លាំងអ៊ុយក្រែន និងទាហានកូរ៉េខាងជើងប្រហែល ១១.000 នាក់រួចហើយ នៅក្នុងតំបន់ឃើសរបស់ប្រទេសរុស្ស៊ី។
មន្ត្រីជាន់ខ្ពស់រូបនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«ទាហានកូរ៉េខាងជើងមួយចំនួនធំដែលដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី បានផ្លាស់ប្តូរទៅសមរភូមិភាគខាងលិចរួចហើយ ប៉ុន្តែការប្រយុទ្ធពេញបន្ទុក មិនទាន់បានចាប់ផ្តើមនៅឡើយទេ»។

