ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦១នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ មនុស្សចំនួន ៤៦នាក់ ត្រូវបានសម្លាប់ នៅភាគខាងជើងតំបន់ហ្កាហ្សា ជាទីដែលការឡោមព័ទ្ធរបស់យោធាអ៊ីស្រាអែល នៅតែបន្ត។
មនុស្សសរុបជាង ៤៣.៣៩០នាក់ ត្រូវបានសម្លាប់ និង ១០២.៣៤៧នាក់ បានរងរបួស នៅក្នុងតំបន់ហ្កា ហ្សា ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើង ក្នុងខែតុលា ឆ្នាំ ២០២៣។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធានៅក្នុងតំបន់ក្របខណ្ឌប៉ាឡេស្ទីន ដើម្បីកម្ទេចក្រុមយោធា និងក្រុមអ្នកនយោបាយរបស់ ក្រុមហាម៉ាស និងដោះលែងចំណាប់ថ្នូរទាំងអស់។

