អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង លោក Fatemeh Mohajerani តាមសេចក្ដីរាយការណ៍ នៅថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) នេះ បាននិយាយថា ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអ៊ីរ៉ង់ នឹងមិនមានប៉ះពាល់អ្វីដោយសារតែការបោះឆ្នោតអាមេរិកនោះឡើយ បន្ទាប់ពីលោក Donald Trump បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
បណ្ដាមន្ត្រីនៃប្រទេសអារ៉ាប់ និងលោកខាងលិច បានប្រាប់សារព័ត៌មាន Reuters ថា លោក Trump អាចនឹងចេញឡើងវិញនូវ «គោលនយោបាយដាក់សម្ពាធធ្ងន់ធ្ងរបំផុត» របស់លោក តាមរយៈការបង្កើនទណ្ឌទណ្ឌកម្មលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ និងផ្តល់អំណាចដល់អ៊ីស្រាអែល ក្នុងការវាយប្រហារទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ និងអនុវត្ត «ការធ្វើឃាតដោយកំណត់គោលដៅ»។
តាមរយៈទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Mohajerani បានប្រាប់ថា៖ «ការបោះឆ្នោត នៅសហរដ្ឋអាមេរិក មិនមែនជាកិច្ចការរបស់យើងនោះទេ។ គោលនយោបាយរបស់យើងមានភាពរឹងមាំ និងមិនផ្លាស់ប្តូរដោយផ្អែកលើបុគ្គលណាម្នាក់ឡើយ។ យើងបានធ្វើការព្យាករណ៍ចាំបាច់ពីមុនមក ហើយវានឹងមិនមានការផ្លាស់ប្តូរ ក្នុងជីវភាពរស់នៅរបស់ប្រជាជននោះទេ»។
គួរបញ្ជាក់ថា ក្នុងអាណត្តិទី១ របស់លោក លោក Trump បានអនុវត្តឡើងវិញនូវទណ្ឌកម្មលើអ៊ីរ៉ង់ បន្ទាប់ពីលោក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច៕


