ប្រទេសបារាំង និងអាល្លឺម៉ង់ បានសម្របសម្រួលជាបន្ទាន់នូវការឆ្លើយតបរបស់ពួកគេ ចំពោះការវិលត្រឡប់មកវិញរបស់លោក Donald Trump ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) នេះ ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា ទីក្រុងប៊ែរឡាំង និងប៉ារីស នឹងធ្វើការ ដើម្បីឲ្យសហភាពអឺរ៉ុប (EU) កាន់តែមានអធិបតេយ្យភាព និងខ្លាំងជាងមុន នៅក្នុង «បរិបទថ្មី»។
តាមរយៈសារដាច់ដោយឡែកមួយ នៅលើបណ្ដាញសង្គម X លោក Macron បានសម្ដែងការអបអរ ចំពោះលោក Trump ហើយបានព្យាយាមនិយាយសម្រាលពីការខ្វែងគំនិតគ្នាពីមុន។
តែយ៉ាងណាក្ដី បារាំង និងអាល្លឺម៉ង់ ដែលជាមហាអំណាចសំខាន់ ២ របស់ EU កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយខាងនយោបាយ ដោយលោក Macron បានបាត់បង់ឥទ្ធិពលយ៉ាងច្រើន បន្ទាប់ពីរងបរាជ័យក្នុងការបោះឆ្នោត កាលពីដើមឆ្នាំនេះ ហើយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កំពុងជួបការលំបាក ក្នុងការរក្សារដ្ឋាភិបាលចម្រុះឲ្យនៅគង់វង្ស។
ក្រសួងការពារជាតិបារាំង បានប្រាប់ថា កិច្ចពិភាក្សាទ្វេភាគីយ៉ាងប្រញាប់ប្រញាល់ រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ នឹងត្រូវបានរៀបចំឡើង នៅយប់ថ្ងៃពុធនេះ ក្នុងទីក្រុងប៉ារីស។ ហើយបណ្ដាមន្ត្រីជាច្រើនរូបបាននិយាយថា ភាគីទាំង២ ទំនងជាពិភាក្សាអំពីយុទ្ធសាស្ត្រ ស្តីពីអ៊ុយក្រែន អង្គការណាតូ និងយុទ្ធសាស្ត្រការពារសហភាពអឺរ៉ុប៕