ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានធ្វើលំហាត់សមយុទ្ធពង្រឹងជំនាញ ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ត្រៀមឆ្លើយតប និងសង្គ្រោះពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតជាយថាហេតុ នៅមេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ។
ក្នុងពិធីលំហាត់សមយុទ្ធជំណាញ កាលពីថ្ងៃទី១១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ មានប្រសាសន៍ថា យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះមហន្តរាយនេះ ត្រូវមានសមាសភាពយុទ្ធសាស្រ្ត ដែលឆ្លើយតបទៅនឹងទិដ្ឋភាពទាំងអស់ នៃការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានការប៉ាន់ប្រមាណហានិភ័យ ការប្រកាសឲ្យដឹងមុនពីគ្រោះមហន្តរាយ និងការតាមដានត្រួតពិនិត្យ ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ ការត្រៀមរៀបចំសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ ។
ឯកឧត្តម បានបន្ថែមថា កងប្រតិបត្តិការរុករកសង្គ្រោះ ត្រូវចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឲ្យកងកម្លាំង មានវិន័យខ្ពស់ ថែទាំសុខភាពឲ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយរាល់ការបំពេញការងារប្រតិបត្តិការរុករក សង្គ្រោះ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ជួយគ្នាទៅវិញទៅមក ធានាសមត្ថភាពប្រតិបត្តិការឲ្យមានលក្ខណៈស្វ័យប្រវត្តិរហ័សរហួនទាន់ចិត្ត ។
ជាមួយគ្នានេះ ឯកឧត្តម ហង្ស សាមឿន សង្ឃឹមថា តាមរយៈការហ្វឹកហ្វឺន និងការធ្វើលំហាត់សមយុទ្ធនានេះ នឹងផ្តល់នូវទិន្នផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាព ខ្វះខាតនៃសមត្ថភាពរុករកសង្គ្រោះកន្លងមក សម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ។
បើតាម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១ និងជាមេបញ្ជាការរងកងទ័ពជើងគោក លើកឡើងថា ការហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស សង្គ្រោះ គ្រោះមហន្តរាយឆ្នាំ២០២១ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ បានហ្វឹកហ្វឺនសរុបចំនួន ៦១ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការហ្វឹកហាត់ជាក់ស្ដែង នៅកំណាត់ដងទន្លេស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយវគ្គការហ្វឹកហ្វឺនបែងចែក ពេលវេលាហ្វឹកហ្វឺន៤១ថ្ងៃ សិក្ខាកាមយោធារួមមាន ជំនាញបច្ចេកទេសសង្គ្រោះ អប់រំចិត្តសាស្ត កងប្រតិបត្តិការ កងយានយន្តសង្គ្រោះកងសុខាភិបាលចល័ត អនុវត្តហែលទឹកនៅស្រះទឹកជាដើម ៕
អត្ថបទ បាន សុខរិទ្ធិ






