ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់ បានសម្លាប់មនុស្ស ៤០នាក់ នៅជុំវិញទីក្រុង បាអាល់បែក (Baalbek) ភាគខាងកើតនៃជ្រលង បេកាអា (Bekaa) កាលពីថ្ងៃពុធ (០៦ វិច្ឆិកា) ហើយនៅពេលព្រលប់មានការវាយប្រហារបន្ថែមទៀតលើជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត។

អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ប្រហារតបតគ្នាអស់រយៈពេលជាងមួយឆ្នាំ ស្របគ្នាជាមួយនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែការប្រយុទ្ធគ្នាបានកើនឡើងចាប់តាំងពីចុងខែកញ្ញា ជាមួយនឹងទាហានអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកនៅភាគខាងត្បូង និងខាងកើតរបស់លីបង់ និងធ្វើការវាយលុកថ្មើរជើងចូលបណ្ដាភូមិព្រំដែន។
ក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើក្រុង Baalbek និងជ្រលង Bekaa បានសម្លាប់មនុស្ស ៤០នាក់ និងរបួស ៥៣នាក់ ។ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានសម្រុកវាយប្រហារតាមអាកាសម្តងហើយម្តងទៀតលើបន្ទាយរបស់ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត៕