នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្ទនាអំពី «ការគំរាមកំហែងរបស់អ៊ីរ៉ង់» នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ខណៈសង្រ្គាមនៅតំបន់ហ្កាហ្សា និងលីបង់ ពុំបង្ហាញសញ្ញាថមថយ។

ការិយាល័យរបស់លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអបអរសាទរ លោក Trump ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ហើយភាគីទាំងពីរបានព្រមព្រៀងធ្វើការជាមួយគ្នាដើម្បីសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល និងបានសន្ទនាអំពីការគំរាមកំហែងរបស់អ៊ីរ៉ង់ផងដែរ។

ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនរាប់ម៉ឺននាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងជាមួយអ៊ីស្រាអែល និងបាននិយាយថា លទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់ដល់សង្គ្រាមនៅក្នុងប្រទេសលីបង់នោះទេ។
មេដឹកនាំរបស់ក្រុមនេះ បានព្រមានថា គ្មានកន្លែងណាក្នុងប្រទេសអ៊ីស្រាអែល «គ្មានដែនកំណត់»នោះទេ សម្រាប់ការវាយប្រហារ ខណៈយោធាអ៊ីស្រាអែល និយាយថា មីស៊ីលប្រហែល១២០ គ្រាប់ត្រូវបានបាញ់ឆ្លងព្រំដែន កាលពីថ្ងៃពុធ។
យោធាអ៊ីស្រាអែល ក៏បាននិយាយផងដែរថា មីស៊ីលមួយគ្រាប់ត្រូវបានបាញ់ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ពីតំបន់ហ្កាហ្សាភាគកណ្តាល ជាកន្លែងដែលខ្លួនបានប្រយុទ្ធជាមួយក្រុមហាម៉ាសគាំទ្រដោយទីក្រុងតេអេរ៉ង់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។