ខណៈពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានកំពុងដំណើរការកម្មវិធីនេះ ក៏មានរៀបចំការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិផងដែរ ដែលបង្ហាញពីភាពច្នៃប្រឌិតខាងផ្នែកម្ហូបអាហារ។ ក្នុងនោះ សមាគមចុងភៅកម្ពុជា បាននាំយកកសិផលរបស់កម្ពុជាចំនួន៥មុខ ដើម្បីដាក់ឱ្យកែច្នៃធ្វើជាមុខម្ហូប នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។

លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជាបានឲ្យដឹងថា កសិផលសំខាន់ៗទាំង៥មុខ របស់កម្ពុជានេះ រួមមាន៖ ប្រហុក គ្រាប់ស្វាយចន្ទីរ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកស៊ីអ៊ីវ ដែលសុទ្ធសឹងជាផលិតផលខ្មែរសុទ្ធសាធ។ លោករៀបរាប់បន្តថា មុខម្ហូបដែលបានលើកយកមកប្រឡងឆ្នាំនេះ មានដូចជានំបុ័ង និងការឆ្លាក់បន្លែផ្លែឈើជាដើម។
លោកប្រធានសមាគម បានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ បើសិនជាចុងភៅរូបណា អាចយកកសិផលទាំងនោះ មកកែច្នៃជាម្ហូប ហើយទទួលបានជ័យលាភី មុខម្ហូបនោះ នឹងត្រូវចាត់ចូលជាម្ហូបថ្នាក់ជាតិ ហើយនឹងផ្សព្វផ្សាយក្នុងការជំរុញនាំចេញកសិផលទាំងអស់នោះទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ក្រុមបេក្ខភាព ដែលបានចូលរួមប្រកួតប្រជែងម្ហូបអាហារនេះ បានសម្តែងក្តីសប្បាយរីករាយ និងលើកឡើងថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រជែងនេះ ផលិតផលរបស់កម្ពុជានឹងត្រូវបានយកចិត្តទុកដាក់ពីអ្នកប្រើប្រាស់ ជាពិសេសក្នុងការនាំយកទៅកែច្នៃចេញជាម្ហូបអាហារ ក៏ដូចជាជំរុញទីផ្សារនាំចេញ ដែលនឹងអាចធ្វើឱ្យផលិតផលរបស់ខ្មែរកាន់តែមានសក្ដានុពល។

សូមបញ្ជាក់ថា ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ។ ព្រឹត្តការណ៍នេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ដៃគូអាជីវកម្ម ការពង្រីកពាណិជ្ជកម្ម ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី














