លោក Donald Trump បានកំណត់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកម្តងទៀតនៅឆ្នាំនេះ ដោយកៀងគរការគាំទ្រក្នុងចំណោមអ្នកបោះឆ្នោតនិយាយភាសាអេស្ប៉ាញ យុវជន និងជនជាតិអាមេរិកដែលមិនមានសញ្ញាប័ត្រមហាវិទ្យាល័យ ព្រមទាំងទទួលបានសំឡេងឆ្នោតកាន់តែច្រើននៅស្ទើរតែទាំងអស់នៃប្រទេស ខណៈលោកបានដណ្តើមតំណែងប្រធានាធិបតីឡើងវិញ។

បន្ទាប់ពីយុទ្ធនាការប្រជានិយមរបស់គណបក្សសាធារណរដ្ឋ ដែលក្នុងនោះលោកបានសន្យាការពារកម្មករពីការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកនិងផ្តល់នូវសំណើកាត់ពន្ធយ៉ាងទូលំទូលាយ បានជំរុញកម្លាំងគាំទ្ររបស់លោក Trump ក្នុងចំណោមអ្នកបោះឆ្នោតថ្នាក់ការងារ និងជនជាតិអាមេរិកមិនមែនស្បែកស ដោយជួយបង្កើនចំនួនសន្លឹកឆ្នោតរបស់លោកស្ទើរតែគ្រប់ទីកន្លែង។

ការកើនឡើងខ្លាំងបំផុតរបស់លោក Trump អាចជាតួលេខ ១៤% នៃអ្នកបោះឆ្នោតនិយាយភាសាអេស្ប៉ាញ នេះបើយោងតាមការស្ទង់មតិក្រោយបោះឆ្នោតដែលធ្វើឡើងដោយស្ថាប័ន Edison Research។ ចំនួន ៤៦% នៃអ្នកបោះឆ្នោតដែលកំណត់ខ្លួនឯងថាជាអ្នកនិយាយភាសាអេស្ប៉ាញដែរនោះ បានជ្រើសរើសលោក Trump ដោយកើនឡើងពីតួលេខ ៣២% នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ នៅពេលដែលលោក Trump បានចាញ់បេក្ខជនបក្សប្រជាធិបតេយ្យ លោក Joe Biden។

នៅតាមបណ្តាតំបន់ដែលមានជនជាតិអាមេរិកគ្រប់អាយុបោះឆ្នោតច្រើនជាង២០% គឺជាអ្នកនិយាយភាសាអេស្ប៉ាញ ហើយជ័យជម្នះរបស់លោក Trump លើអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក្នុងតំបន់ទាំងនោះ កើនឡើង ១៣ពិន្ទុលើសឆ្នាំ២០២០។ យោងតាមការប៉ាន់ស្មានរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក បង្ហាញថា ជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញ គឺជាថ្នាក់ការងារ ច្រើនជាងជនជាតិស្បែកសភាគច្រើនរបស់ប្រទេស ជាមួយនឹងអត្រាដ៏ធំនៃអ្នកនិយាយភាសាអេស្ប៉ាញដែលពុំមានសញ្ញាបត្រមហាវិទ្យាល័យ៕