បណ្តាញអគ្គិសនីជាតិរបស់ប្រទេសគុយបា បានដួលរលំ កាលពីថ្ងៃពុធ ខណៈព្យុះសង្ឃរា រ៉ាហ្វាអ៊ែល(Rafael) ដែលបានបោកបក់ចូលដល់ឆ្នេរសមុទ្រភាគនិរតីរបស់កោះនេះ ដោយបាននាំមកល្បឿនខ្យល់បក់រហូតដល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបំផ្លាញដល់ប្រទេសដែលរងគ្រោះរួចដោយវិបត្តិរួចទៅហើយ។

ប្រតិបត្តិករបណ្តាញអគ្គិសនីគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសគុយបា(UNE) បាននិយាយថា ខ្យល់បក់ខ្លាំង បានបណ្តាលឱ្យប្រព័ន្ធអគ្គិសនីរបស់ប្រទេស ដួលរលំ។
ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ប្រជាជនសរុបចំនួន១០លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ដែលនេះ ជាឧបទ្ទវហេតុលើកទីពីរ ក្នុងរយៈពេលមិនដល់មួយខែ នៅលើកោះនេះ។

នៅទូទាំងទីក្រុងឡាហាវ៉ាន ផ្លូវនានាស្ទើរតែងងឹតទាំងស្រុង ខណៈភ្លៀងបន្តធ្លាក់ ដោយអ្នកស្រុកជាច្រើន ត្រូវពឹងផ្អែកលើភ្លើងពិល និងភ្លើងទូរស័ព្ទដៃ ដើម្បីបំភ្លឺ។
ប្រជាជនមួយចំនួន បានចេញទៅខាងក្រៅ ខណៈមនុស្សជាច្រើនស្នាក់នៅតែក្នុងលំនៅឋាន ដោយរង់ចាំព្យុះស្ងប់ទៅវិញ ហើយសង្ឃឹមថាថាមពលអគ្គិសនីនឹងត្រូវបានស្ដារឡើងវិញ នៅពេលព្យុះសង្ឃរា Rafael បោកបក់ផុត។