នគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជិត៥ពាន់នាក់ ត្រៀមការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពីធីបុណ្យអុំទូក ខាងមុខ ។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា កិច្ចការងារការពារសន្តិសុខ និងរក្សាបានរបៀបរៀបរយសាធារណៈ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពថ្នាក់រាជធានី និងថ្នាក់ជាតិ ត្រូវសហការ ដើម្បីថែរក្សាឱ្យបានល្អប្រសើរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងកាន់តែគៀកខិតមកដល់ ។
ឯកឧត្តមស្នងការបញ្ជាក់ថា ឆ្នាំនេះ នគរបាលបង្កើនគោលដៅបញ្ចៀសចរាចរណ៍ច្រើនជាងមុន ដើម្បីបញ្ចៀសយានយន្តផ្សេងៗ មិនឱ្យចូលទៅក្នុងរង្វង់ទីតាំងប្រារព្ធពិធីនោះឡើយ ក្នុងការទុកលទ្ធភាព ឱ្យបងប្អូនប្រជាពលរដ្ឋ អាចដើរដោយថ្មើរជើង លេងកម្សាន្តដោយភាពសប្បាយរីករាយ ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ ៖ លីហេង



