រាប់ពីសេតវិមានទៅគេហដ្ឋានឆ្នេរសមុទ្រដ៏ប្រណិត ម៉ា- អា-ឡាហ្គោ (Mar-a-Lago) ក្រុមមេដឹកនាំកំពុងចែករំលែកសារនៃការរួបរួមបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ខណៈពេលនេះមានការផ្តោតសំខាន់លើការផ្ទេរអំណាចពីរដ្ឋបាលរបស់លោក Biden ទៅកាន់រដ្ឋបាលរបស់លោក Trump វិញក្រោយជ័យជម្នះអាណត្តិទីពីររបស់លោក។

លោក Steven Cheung ប្រធានផ្នែកទំនាក់ទំនងយុទ្ធនាការរបស់លោក Trump បាននិយាយថា លោក Biden បានអញ្ជើញលោក Trump ទៅកាន់សេតវិមាន។ លោក Trump ទន្ទឹងរង់ចាំជំនួបនេះដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ហើយបានកោតសរសើរយ៉ាងខ្លាំងចំពោះការហៅទូរស័ព្ទនេះ។

យោងតាមទីប្រឹក្សាយុទ្ធនាការលោក Trump បានឱ្យដឹងថាលោកស្រី Harris និងលោក Trump បានយល់ព្រមលើបំណងប្រាថ្នាមួយដើម្បីធានាឱ្យមានការផ្ទេរអំណាចដ៏រលូន និងមានប្រសិទ្ធភាពនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ។
លោក Cheung បាននិយាយថា លោកប្រធានាធិបតី Trump បានទទួលស្គាល់អនុប្រធានាធិបតី Harris លើភាពរឹងមាំ វិជ្ជាជីវៈ និងភាពអត់ធ្មត់របស់លោកស្រីពេញមួយយុទ្ធនាការ ហើយមេដឹកនាំទាំងពីរបានយល់ព្រមលើសារៈសំខាន់នៃការបង្រួបបង្រួមប្រទេស។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារទី៥វិច្ឆិកាសប្ដាហ៍នេះ អំឡុងពេលសុន្ទរកថាជ័យជម្នះរបស់លោកនៅឯមជ្ឈមណ្ឌលសន្និបាត Palm Beach ចម្ងាយតែប៉ុន្មានម៉ាយល៍ពីគេហដ្ឋានលំហែកាយម៉ា-អា-ឡាហ្គោរបស់លោកថា ដល់ពេលដែលត្រូវជម្រុះចោលការបែកបាក់គ្នាក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះហើយ។ដល់ពេលត្រូវបង្រួបបង្រួមគ្នា ហើយយើងនឹងព្យាយាយរួមគ្នា៕