សេវាបម្រែបម្រួលអាកាសធាតុ ខនភើនីខឺស (Copernicus) ឬហៅថា C3S របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា) នេះថា ឆ្នាំ២០២៤នេះ គឺ "ប្រាកដណាស់" ថានឹងឡើងលើសឆ្នាំ២០២៣ ក្លាយជាឆ្នាំមានអាកាសធាតុក្តៅបំផុតរបស់ពិភពលោក ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមក។

ទិន្នន័យនេះត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP29 នៅសប្តាហ៍ក្រោយ នៅអាស៊ែបៃហ្សង់ ដែលប្រទេសនានានឹងព្យាយាមយល់ព្រមលើកំណើនថវិកាយ៉ាងច្រើនដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ។ ជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្អាក់ការរំពឹងទុកសម្រាប់កិច្ចពិភាក្សានេះ។

ក្រុមអាកាសធាតុអឺរ៉ុប C3S បាននិយាយថា ចាប់ពីខែមករា ដល់ខែតុលា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងខ្ពស់ខ្លាំង ដែលនេះអាចនិយាយបានថា ឆ្នាំ២០២៤ ប្រាកដជាឆ្នាំដែលក្តៅបំផុតរបស់ពិភពលោក លុះត្រាតែសីតុណ្ហភាពក្នុងពេលវេលាដែលនៅសេសសល់នៃឆ្នាំនេះ ធ្លាក់ចុះដល់ជិតសូន្យ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ឆ្នាំ២០២៤ ក៏នឹងក្លាយជាឆ្នាំដំបូងដែលភពផែនដីឡើងកម្ដៅលើសកម្រិតកំណត់ ១,៥អង្សាសេ នៅសម័យមុនឧស្សាហកម្មឆ្នាំ១៨៥០-១៩០០ នៅពេលដែលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលក្នុងកម្រិតឧស្សាហកម្ម។ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន គឺជាមូលហេតុចម្បងនៃការឡើងកម្ដៅផែនដី៕