ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (០៦ វិច្ឆិកា) ថា កងកម្លាំងទីក្រុងមូស្គូ បានវាយដណ្តើមទីតាំងឈរជើងចំនួន២ បន្ថែមទៀតក្នុងតំបន់ដែលមានសកម្មភាពយោធាដ៏ខ្លាំងក្លានៅភាគខាងកើតអ៊ុយក្រែន។

យោធាអ៊ុយក្រែន បានបញ្ជាក់ពីការប្រយុទ្ធគ្នានៅជុំវិញភូមិទាំងពីរនោះនៅក្នុងផ្នែកភាគខាងកើតនៃជួរមុខចម្ងាយ ១.០០០គីឡូម៉ែត្រ ប៉ុន្តែមិនបានទទួលស្គាល់ថាភូមិទាំងពីរបានធ្លាក់ចូលទៅក្នុងដៃរុស្ស៊ីទេ។

ក្រសួងរុស្ស៊ី បានបញ្ជាក់ឈ្មោះទីតាំងទាំងពីរនោះថា ភូមិ ម៉ាកស៊ីមីវកា (Maksymivka) ស្ថិតនៅភាគខាងជើងក្រុង វូលេដា (Vuhledar) លើកំពូលភ្នំ ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីកាលពីខែមុនបន្ទាប់ពីការប្រយុទ្ធគ្នាអស់ជាច្រើនខែ និងភូមិមួយទៀតឈ្មោះ អាន់តូនីវកា (Antonivka) នៅជិតទីប្រជុំជន គូរ៉ាខូវ (Kurakhove) ដែលកំពុងប្រយុទ្ធនៅចុងភាគខាងជើង។
យោងតាមទិន្នន័យប្រភពបើកចំហបានឱ្យដឹងថា នៅក្នុងខែកញ្ញា កងកម្លាំងរបស់ទីក្រុងមូស្គូ បានសម្រុកវាយរុលក្នុងអត្រាដ៏លឿនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ ទោះបីជាអ៊ុយក្រែន បានដណ្តើមយកផ្នែកមួយនៃតំបន់ព្រំដែន ឃើស (Kursk) ភាគខាងត្បូងរបស់រុស្ស៊ីក៏ដោយ៕