ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុក យ៉ូល (Yoon Suk Yeol) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការសុំអភ័យទោសចំពោះការបង្កការព្រួយបារម្ភដល់ប្រជាជន និងបានប្តេជ្ញាថា នឹងកែប្រែកិច្ចការរដ្ឋឡើងវិញ ចំពេលមានបញ្ហាចម្រោងចម្រាសកាន់តែខ្លាំងឡើងជុំវិញស្ត្រីទី១ គីម ខៃ យី (Kim Keon Hee)។

លោក យ៉ូន បានក្រោកឈរឡើង ហើយឱនក្បាលសុំការអភ័យទោស អំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ និងសន្និសីទសារព័ត៌មាន ដែលបង្ហាញពីឆមាសទី២ នៃអាណត្តិរបស់លោក និងផ្តល់នូវទិដ្ឋភាពនៃទិសដៅគោលនយោបាយនាពេលអនាគត។
លោក បាននិយាយថា៖«ខ្ញុំជឿថា តួនាទីរបស់ប្រធានាធិបតី គឺមិនមែនដើម្បីរកលេសទេ។ បញ្ហាទាំងអស់នេះ បានកើតឡើង ដោយសារចំណុចខ្វះខាតរបស់ខ្ញុំផ្ទាល់ និងកង្វះគុណធម៌» ដោយបន្ថែមថា លោកបានបង្ហាញ «ការសុំអភ័យទោសដោយអស់ពីចិត្ត» ទៅកាន់ប្រជាជនរបស់លោក។

សន្និសិទនេះ ត្រូវបានធ្វើឡើង នៅពេលដែលការវាយតម្លៃលើប្រជាប្រិយភាពរបស់លោក យ៉ូន បានធ្លាក់ចុះក្រោមសញ្ញាសម្គាល់ ២០ភាគរយ ដោយមានការមិនសប្បាយចិត្តជាសាធារណៈមួយផ្នែក ដែល បណ្តាលមកពីការចោទប្រកាន់ទាក់ទងនឹងទំនាក់ទំនងអតីតកាលរបស់លោក ជាមួយនឹងបុគ្គលមានអំណាចម្នាក់ដែលប្រកាសដោយខ្លួនឯងថា ម្យុង ថេ យ៉ុង ( Myung Tae-kyun) ក៏ដូចជាបញ្ហាជាច្រើនទៀតពាក់ព័ន្ធនឹងស្ត្រីទី១។
លោក យ៉ូន បានទទួលស្គាល់ថា បើទោះបីជាធ្វើការដោយគិតពីការមិននឿយហត់សម្រាប់ប្រជាជន ក្នុងរយៈពេល ២ឆ្នាំកន្លះក្តី ក៏ «ប្រជាជនមើលើឃើញថា នៅមានចំណុចខ្វះខាតជាច្រើនទៀត»។