អង្គការយូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃពុធថា កុមារជាង ៤២០.០០០នាក់ នៅតាមបណ្តោយទន្លេអាម៉ាហ្សូន (Amazon) កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួត ដែលគ្របដណ្តប់ភាគច្រើននៃអាមេរិកខាងត្បូង ដែលកំពុងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក និងការដឹកជញ្ជូនតាមដងទន្លេ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បាននិយាយថា គ្រោះរាំងស្ងួតដែលបំបែកកំណត់ត្រានេះ កំពុងបង្ក ឲ្យមានការខូចខាតដល់ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងទៀត នៅក្នុងប្រទេសប្រេស៊ីល កូឡុំប៊ី និងប៉េរូ ដែលពឹងផ្អែកលើមធ្យោយបាយទំនាក់ទំនងនិងដឹកជញ្ជូនតាមទូក។
ប្រធានអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងកំពុងមើលឃើញពីការបំផ្លិចបំផ្លាញនៃប្រព័ន្ធអេកូឡូហ្ស៊ី ដ៏សំខាន់មួយ ដែលប្រជាជនពឹងផ្អែកលើវានោះ ដោយធ្វើឲ្យកុមារជាច្រើន មិនអាចទទួលបានអាហារ ទឹក ការថែទាំសុខភាព និងសាលារៀនគ្រប់គ្រាន់»។
ទីភ្នាក់ងារនេះ បាននិយាយថា លទ្ធផលនៃអសន្តិសុខស្បៀងអាហារ បានបង្កើនហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមារ ខណៈដែលការទទួលបានទឹកបរិភោគតិច អាចជំរុញឲ្យមានការកើនឡើងនៃជំងឺឆ្លង ផ្សេងៗ។
នៅក្នុងតំបន់អាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលតែឯង សាលារៀនជាង ១.៧០០ និងគ្លីនិកវេជ្ជសាស្រ្តជាង ៧៦០ ត្រូវបិទ ឬមិនអាចដំណើរការបាន ដោយសារតែកម្រិតទឹកទន្លេទាប។
នៅក្នុងតំបន់អាម៉ាហ្សូនរបស់ប្រទេសកូឡុំប៊ី កង្វះទឹកផឹក និងអាហារ បានបង្ខំឲ្យសាលារៀនចំនួន ១៣០ ផ្អាកថ្នាក់រៀន។ នៅប្រទេសប៉េរូ គ្លីនិកជាង ៥០ មិនអាចដំណើរការបាន។