ការវិលត្រឡប់មកកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ទៅកាន់សេតវិមាន បានធ្វើឲ្យមានប្រតិកម្មចម្រុះនៅកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដោយពលរដ្ឋមួយចំនួនទន្ទឹងរង់ចាំមើលកំណែទម្រង់សេដ្ឋកិច្ចថ្មីដែលលោកអាចនាំមក ហើយអ្នកផ្សេងទៀត ពុំសូវសប្បាយចិត្តជាមួយនឹងជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក នោះទេ។
ពលរដ្ឋតៃវ៉ាន់ម្នាក់ នៅទីក្រុងតៃប៉ិ បានប្រៀបធៀបដំណើរការលទ្ធិប្រជាធិបតេយ្យរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដោយនិយាយថា អតីតមានភាព «ជឿនលឿន» និង «ចុះសម្រុងគ្នា»។ លោកបាននិយាយបន្ថែមថា ភាពមិនប្រាកដប្រជាផ្នែកសន្តិសុខ ពុំមែនជាក្តីបារម្ភទេ។
មន្ត្រីសន្តិសុខជាន់ខ្ពស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបន្តវិធីសាស្រ្តជាមិត្តភាពរបស់ខ្លួនចំពោះកោះតៃវ៉ាន់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ហើយកោះតៃវ៉ាន់ នឹងធ្វើការដើម្បីទប់ស្កាត់ប្រទេសចិនពីការបង្កបញ្ហា ក្នុងអំឡុងពេលអន្តរកាល។
លោក Trump បានធ្វើអត្ថាធិប្បាយក្នុងពេលយុទ្ធនាការថា កោះតៃវ៉ាន់ នឹងត្រូវចំណាយដើម្បីត្រូវបានការពារ ហើយថែមទាំងបានចោទប្រកាន់កោះនេះថា បានលួចកេងចំណេញអាជីវកម្មបន្ទះអេឡិចត្រូនិក ពីសហរដ្ឋអាមេរិក។