រដ្ឋ California របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) បានជួបប្រទះនឹងខ្យល់បក់យ៉ាងខ្លាំងក្លា ដោយបានជួយជំរុញឲ្យចំហេះព្រៃឆាបឆេះរាលដាលយ៉ាងលឿនរហ័ស ដែលបានដុតបំផ្លាញផ្ទះសម្បែងរាប់សិបខ្នង និងបង្ខំឲ្យអ្នកស្រុករាប់ពាន់នាក់ភៀសខ្លួនចេញ ខណៈដែលអ្នកព្យាករណ៍ បានព្រមានអំពីលទ្ធភាពដែលអាចមានអគ្គិភ័យ «ធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត»។
បើយោងតាមសេចក្តីថ្លែងការណ៍របស់អភិបាលរដ្ឋ លោក Gavin Newsom បានឲ្យដឹងថា ភាគពាយ័ព្យនៃទីក្រុង Los Angeles ចំហេះ Mountain Fire បានរាលដាលយ៉ាងឆាប់រហ័ស និងខ្លាំងក្លា ដោយជំរុញឲ្យមានការបញ្ជាជម្លៀសមនុស្សជាង ១០.០០០នាក់ ខណៈអគ្គិភ័យនេះបានគំរាមកំហែងដល់រចនាសម្ព័ន្ធចំនួន ៣.៥០០កន្លែង នៅក្នុងសហគមន៍ជាយក្រុង តំបន់កសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្ម នៅជុំវិញទីក្រុង Camarillo។
ហើយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ កាលពីថ្ងៃពុធ បាននិយាយថា តំបន់ភាគខាងកើតនៃទីក្រុងឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃទីក្រុង Ventura នឹងទទួលបានជំនួយពីសហព័ន្ធ បន្ទាប់ពីមានការធានាដល់សំណើរបស់លោក Newsom។
គួរបញ្ជាក់ថា អណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះ កំពុងឆាបឆេះនៅក្នុងតំបន់មួយ ដែលបានឃើញផ្នែកខ្លះរងការឆេះបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតរបស់រដ្ឋ California ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ គេឃើញសំណុំផ្សែងយ៉ាងក្រាស់ឃ្មឹក បានហុយឡើងយ៉ាងខ្មួលខ្មាញ់រាប់រយហ្វីតទៅលើអាកាស កាលពីថ្ងៃពុធ ដោយបានគ្របដណ្ដប់ពាសពេញសង្កាត់ជាច្រើន ហើយធ្វើឲ្យអ្នកពន្លត់អគ្គីភ័យ និងអ្នកជម្លៀសចេញពិបាកមើលផ្លូវ។
អគ្គិភ័យនេះបានឆេះរាលដាលពីទំហំផ្ទៃដីមិនដល់ពាក់កណ្តាលប៉ុន្មានម៉ែត្រការ៉េ រហូតដល់ ៦២គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលតិចជាង ៥ម៉ោង៕