អ្នកនាំពាក្យប្រធានាធិបតីរុស្សី លោក Dmitry Peskov បានពន្យល់ពីមូលហេតុដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនមានគម្រោងអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ចំពោះជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«ខ្ញុំនៅតែមិនដឹងអ្វីអំពីចេតនារបស់លោក ពូទីន ក្នុងការអបអរសាទរចំពោះលោក Trump»។ ប៉ុន្មានម៉ោងមុននេះ លោក Peskov ក៏បាននិយាយផងដែរថា លោក ពូទីន មិនមានគម្រោងសម្រាប់អបអរសាទរលោក ត្រាំ ទេ។
លោក Peskov បាននិយាយថា៖«ខ្ញុំសូមឲ្យចងចាំថា យើងកំពុងនិយាយអំពីការបោះឆ្នោត ដែលបានកើតឡើងនៅក្នុងប្រទេសដែលមិនរាក់ទាក់ចំពោះយើង និងនៅក្នុងប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនៅ អ៊ុយក្រែន»។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក បានបញ្ចប់កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ម៉ោងនៅទីក្រុងមូស្គូ។ ជាផ្លូវការ លទ្ធផល មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានព្យាករថា លោក ត្រាំ បានទទួលសំឡេងឆ្នោតច្រើនជាង ២៧០សំឡេង រួចហើយ ដែលសំឡេងនេះ គឺគ្រប់គ្រាន់ ដើម្បីឈ្នះបាន។ ខ្លួនគាត់ផ្ទាល់ បានប្រកាសខ្លួនឯងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិករួចហើយ។ ប្រធានសភាតំណាងរាស្រ្ត លោក Mike Johnson បានហៅលោក ត្រាំ ថា ជាប្រមុខរដ្ឋជាប់ឆ្នោត។ លោក ត្រាំ បានទទួលការអបអរសាទរពីមេដឹកនាំបរទេសជាបន្តបន្ទាប់។