អគ្គលេខាធិការនៃចលនាហេសបូឡា លោក Sheikh Naim Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជនលីបង់កាលពីថ្ងៃទី៤០ ចាប់តាំងពីមរណភាពរបស់អតីតមេដឹកនាំក្រុមហេសបូឡា ( Sheikh Hassan Nasrallah)ថា ចលនាស៊ីអ៊ីតហេសបូឡា មានអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីកម្ចាត់អ៊ីស្រាអែល ហើយនឹងប្រយុទ្ធរហូតដល់ប្រទេសនេះ បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន។
អ្នកនយោបាយនិកាយស៊ីអ៊ីត ដែលសុន្ទរកថារបស់ខ្លួន ត្រូវបានចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Al Manar បាននិយាយថា៖«អ៊ីស្រាអែលបានបរាជ័យក្នុងការសម្រេចបាននូវគោលបំណងណាមួយរបស់ខ្លួននៅក្នុងប្រតិបត្តិការជើងគោក រហូតមកដល់សព្វថ្ងៃនេះ។ ប្រទេសនេះ មិនអាចឈ្នះសង្រ្គាមបានទេ។ «កងកម្លាំងតស៊ូ មានយុទ្ធជនរាប់ម៉ឺននាក់ នៅភាគខាងត្បូងប្រទេសលីបង់។ ពុំមានគោលដៅណាមួយនៅក្នុងអ៊ីស្រាអែលទេ ដែលយានដ្រូន និងមីស៊ីលរបស់យើង មិនអាចវាយប្រហារដល់នោះទេ»។
លោក Sheikh Qassem បាននិយាយថា អង្គភាពជាច្រើនរបស់ក្រុមហេសបូឡា ត្រូវបានរៀបចំ ដើម្បីបន្តសង្រ្គាមនៃការបំផ្លាញ ហើយនឹងបង្ខំអ៊ីស្រាអែលឲ្យឈប់វាយប្រហារ។
លោកបានសង្កត់ធ្ងន់ថា៖«យើងមិនពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងការទូត ឬលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ»។ «ការតស៊ូ ពឹងផ្អែកលើកម្លាំងរបស់ខ្លួនផ្ទាល់ និងលទ្ធផលជ័យជម្នះនៅ សមរភូមិ។ ពុំមានជម្រើសផ្សេងទៀតទេ»។
លោក Sheikh Qassem បានចង្អុលបង្ហាញថា មានតែការបញ្ចប់អរិភាពទាំងស្រុងប៉ុណ្ណោះ អាចជាលក្ខខណ្ឌមួយសម្រាប់ការចូលរួមចរចាជាមួយអ៊ីស្រាអែល។