អាជ្ញាធរទទួលបន្ទុកផ្នែកសេដ្ឋកិច្ច លោក Kuo Jyh-huei នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) នេះ បាននិយាយថា កោះតៃវ៉ាន់នឹងជួយក្រុមហ៊ុននានាផ្លាស់ទីតាំងផលិតកម្មពីប្រទេសចិន ដោយការធ្វើបែបនេះទំនងជាគិតដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុនទាំងនោះ ដោយសារការដំឡើងពន្ធនាំចូល ដែលប្រធានាធិបតីអាមេរិកបន្ទាប់ លោក Donald Trump បានសន្យាថា នឹងដាក់លើប្រទេសនេះ ។
ការគំរាមកំហែងពីសំណាក់លោក Trump ដែលនឹងចូលកាន់តំណែង នៅខែមករា ក្នុងការយកពន្ធរហូត ៦០ភាគរយ លើការនាំចូលរបស់សហរដ្ឋអាមេរិកនៃទំនិញរបស់ចិន បង្កឲ្យមានហានិភ័យដល់កំណើនដ៏សំខាន់ សម្រាប់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់ពិភពលោក។
គួរបញ្ជាក់ថា ក្រុមហ៊ុនរបស់កោះតៃវ៉ាន់ បានបណ្តាក់ទុនរាប់ពាន់លានដុល្លារ នៅប្រទេសចិន ក្នុងរយៈពេល ៤ទស្សវត្សរ៍ចុងក្រោយនេះ ដោយទាញយកអត្ថប្រយោជន៍ពីការចំណាយទាបជាប្រពៃណី ប៉ុន្តែរដ្ឋបាលរបស់កោះតៃវ៉ាន់ ដែលប្រយ័ត្នប្រយែងនឹងការបង្កើនសម្ពាធពីទីក្រុងប៉េកាំង ដើម្បីឲ្យទទួលយកការអះអាងអធិបតេយ្យភាពរបស់ចិន បាន និងកំពុងជំរុញឲ្យក្រុមហ៊ុនរបស់ខ្លួនផ្លាស់ការវិនិយោគទៅកន្លែងផ្សេង។
ដោយថ្លែងនៅក្នុងសភា លោក Kuo បាននិយាយថា ផលប៉ះពាល់នៃការដំឡើងពន្ធគយណាមួយរបស់លោក Trump លើប្រទេសចិន ចំពោះក្រុមហ៊ុនរបស់កោះតៃវ៉ាន់ដែលដំណើរការផលិត នៅទីនោះ នឹងមានទំហំ «ធំណាស់»។ លោកបានបន្ថែមថា៖ «យើងនឹងជួយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដល់ក្រុមហ៊ុនកោះតៃវ៉ាន់ ដើម្បីផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មរបស់ពួកគេ»៕