លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅតែមានឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ដោយបន្ថែមថាវានឹងច្បាស់ថាតើជំហររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការផ្លាស់ប្តូរនេះ នៅក្នុងខែមករា ឆ្នាំ ២០២៥ ដែរឬទេ។
លោក Peskov បាននិយាយថា លោកប្រធានាធិបតី ពូទីន បាននិយាយម្តងហើយម្តងទៀតថា លោកបើកចំហចំពោះការសន្ទនាក្នុងន័យស្ថាបនា ដោយផ្អែកលើយុត្តិធម៌ សមភាព និងការគោរពគ្នាទៅវិញទៅមកចំពោះកង្វល់របស់គ្នាទៅវិញទៅមក ហើយលោកប្រធានាធិបតី នៅតែប្តេជ្ញាចិត្តចំពោះជំហរនេះ ហើយបានលើកឡើងជាច្រើនដងមក។
លោកបានកត់សម្គាល់ថា៖ «ប៉ុន្តែបច្ចុប្បន្ននេះ រដ្ឋបាលអាមេរិក មានជំហរផ្ទុយគ្នា។ យើងរង់ចាំមើលថា នឹងមានអ្វីកើតឡើង នៅក្នុងខែមករា»។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានឲ្យដឹងថា អនាគតនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ដែលបច្ចុប្បន្នស្ថិតនៅចំណុចទាបបំផុតរបស់ពួកគេ គឺស្ថិតនៅលើរដ្ឋបាលអាមេរិក។ លោកបាននិយាយថា៖«វាមិនអាចទៅរួចទេ ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែអាក្រក់ឡើងៗខណៈដែលពួកគេកំពុងស្ថិតនៅចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្ររួចទៅហើយ» ដោយបន្ថែមថា វានឹងអាស្រ័យលើរដ្ឋបាលអាមេរិកបន្ទាប់ថាតើទំនាក់ទំនងទាំងនេះ ដំណើរការយ៉ាងដូចម្តេច។
នេះ គឺជាការឆ្លើយតបរបស់លោកចំពោះសំណួរមួយថាតើទំនាក់ទំនងរវាងក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន នឹងកាន់តែអាក្រក់ទៅវិញដែរឬយ៉ាងណា ប្រសិនបើមេដឹកនាំរុស្ស៊ី មិនអបអរសាទរចំពោះប្រធានាធិបតីអាមេ រិកជាប់ឆ្នោតនោះ។