ដើមឈើយោលយោក ខណៈខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងវាយប្រហារខេត្ត Cagayan ប្រទេសហ្វីលីពីននាថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមមន្រ្តីនិយាយថា ហ្វីលីពីន បានបញ្ជាឲ្យជម្លៀសខ្លួនប្រជាពលរដ្ឋ ស្តុកស្បៀងអាហារ និងដាក់ឲ្យទាហានឈរជើងជាការត្រៀមខ្លួនការមកដល់របស់ព្យុះ Yinxing ស្របពេលដែលព្យុះទីហ្វុងមួយនេះ បោកបក់ឆ្ពោះទៅកាន់បណ្តាទីក្រុងភាគឦសាន ជាទីដែលវាអាចបោកបក់ដល់ដីគោកនៅថ្ងៃសុក្រស្អែកនេះ ។
មន្ទីរព្រមានព្យុះទីហ្វុងសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននាថ្ងៃព្រហស្បតិ៍នេះថា ព្យុះ Yinxing កំពុងបោកបក់ក្នុងល្បឿនខ្យល់បក់ ២២២គ.មក្នុង១ម៉ោង ដែលត្រូវបានគេចាត់ទុកថាជាព្យុះកម្រិតទី ៤ ។
យោងតាមការអះអាងរបស់ការិយាល័យការពារជនស៊ីវិលហ្វីលីពីន បានឲ្យដឹងថា មនុស្សជាង ១៦ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ហើយសាលារៀន និងកន្លែងធ្វើការមួយចំនួន បានបិទទ្វារ ។
ព្យុះទីហ្វុង Yinxing ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់ដល់ដីគោកនៅទូទាំងតំបន់ដែលរួមទាំងនៅកោះ Babuyan និងតំបន់ជ្រោយភាគខាងជើងកោះ Luzon ដែលជាកោះទេសចរណ៍ដ៏ពេញនិយបបំផុតមួយរបស់ហ្វីលីពីន នៅព្រឹកថ្ងៃសុក្រស្អែកនេះ ។
សូមបញ្ជាក់ថា ជាមធ្យមព្យុះត្រូពិកប្រហែល ២០ តែងតែវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងបំណាក់ដីស្លាប់មនុស្ស ៕