ក្រុមមន្រ្តីនិយាយថា ខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន បានបង្កើតបន្ទប់សង្រ្គាមផ្សែងអ័ព្ទ ដើម្បីដោះស្រាយបញ្ហាកង្វក់បរិយាកាសធ្ងន់ធ្ងរ ស្របពេលដែលគុណភាពខ្យល់នៅទីក្រុង Lahore ឈរនៅលើកំពូលតារាងជាទីក្រុងមានកង្វក់បរិយាកាសដ៏អាក្រក់បំផុតរបស់ពិភពលោក ។
អ្នកនាំពាក្យក្រសួងបរិស្ថានខេត្ត Punjab បាននិយាយថា គណៈកម្មាធិការបន្ទប់សង្រ្គាមផ្សែងអ័ព្ទ មានបុគ្គលិកមកពីក្រសួងពាក់ព័ន្ធចំនួន ៨ នឹងពិនិត្យមើលស្ថានភាពមួយនេះ ។
ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ គ្របដណ្តប់ដោយផ្សែងអ័ព្ទរាល់រដូវរងា ពេលដែលខ្យល់ត្រជាក់ទាក់យកការបំភាយឧស្ម័ន ធូលី និងផ្សែងពីការដុតកាកសំណល់កសិកម្ម ។
លោក Muhammad Ishtiag គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Lahore បាននិយាយថា លោកពិតជាពិបាកដកដង្ហើមខ្លាំងណាស់ ហើយនិងក្រហាយភ្នែក ទំនងជាបណ្តាលមកពីគុណភាពខ្យល់អន់ខ្លាំង ។ លោកបន្តថា លោកនឹងស្នាក់នៅក្នុងផ្ទះរហូតដល់វាសុវត្ថិភាពក្នុងការដើរហើរខាងក្រៅ ។
កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលខេត្ត Punjab ដែលទីក្រុង Lahore ស្ថិតនៅ បានណែនាំប្រជាពលរដ្ឋឲ្យពាក់ម៉ាស់ និងហាមឃាត់សកម្មភាពខាងក្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទដ៏គ្រោះថ្នាក់នេះ ។
ចំណាត់ការនេះដែរ បានធ្វើឡើង បន្ទាប់ពីការហក់ឡើងដ៏គ្រោះថ្នាក់នៃកង្វក់បរិយាកាស បង្កឲ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរចំពោះមនុស្សងាយរងគ្រោះ ។
យោងតាមការចេញផ្សាយព័ត៌មាន រដ្ឋាភិបាលខេត្ត Punjab បានចេញបម្រាម Green Lockdown នៅតាមតំបន់មានកង្វល់បរិយាកាសខ្លាំងបំផុត រួមទាំងបំរាមសកម្មភាពសំណង់ ការប្រើប្រាស់ម៉ាស៊ីនភ្លើងពាណិជ្ជកម្ម និងហាមឃាត់កន្លែងលក់ចំណីអាហារកណ្តាលវាលដែលប្រើប្រាស់ធ្យូងអុស ធ្យូងថ្ម ឬអុសដោយគ្មានដំឡើងប្រព័ន្ធគ្រប់គ្រងការបំភាយឧស្ម័នត្រឹមត្រូវ ៕