បាល់ទាត់៖ កីឡាករក្រុមជម្រើសជាតិកម្ពុជា ៦រូបដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសបារ៉ែន រួមមានកីឡាករ គួច សុកុម្ភ, ចាន់ វឌ្ឍនាកា, កែវ សុខសិលា, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី បានធ្វើតេស្ដរហ័ស Rapid Test ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់របស់អ្នកចាំទី កែវ សុខសិលា និងខ្សែការពារ សឿយ វិសាល។
សមាជិកក្រុមគោព្រៃកម្ពុជាទាំង ២រូបបានឲ្យដឹងថា មកទល់ពេលនេះ សុខភាពរបស់កីឡាករម្នាក់ៗដែលកំពុងសម្រាកព្យាបាលនៅប្រទេសបារ៉ែន គឺមានសុខភាពធម្មតាមិនមានរោគសញ្ញាអ្វីទៀតឡើយ ហើយការធ្វើតេស្ដ Rapid Test ដោយខ្លួនឯងក៏ទទួលបានសញ្ញាអវិជ្ជមានដែរ។ ប៉ុន្ដែ សិលា និង វិសាល ថា លទ្ធផលធ្វើតេស្ដរហ័សនេះមិនទាន់ច្បាស់ការនោះទេ គឺពួកគេរង់ចាំការធ្វើតេស្ដ PCR សិន ទើបជាលទ្ធផលផ្លូវការ។ សូមរំឮកថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូបបានរកឃើញវិជ្ជមានកូវីដ-១៩ មុនការប្រកួតជើងទី២ ជាមួយក្រុមកោះហ្គាំក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 ដែលកម្ពុជាបានវាយបកឈ្នះ ២-១ ដើម្បីធានាកៅអីវគ្គជម្រុះជុំទី៣ កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ។ បន្ទាប់មកពួកគេត្រូវបានរៀបចំសម្រាកពន្យាបាលក្នុងសណ្ឋាគារមួយនៅប្រទេសបារ៉ែន ដោយក្រសួងសុខាភិបាលប្រទេសបារ៉ែន ដែលមកទល់ពេលនេះមានរយៈពេលជាង ១សប្ដាហ៍មកហើយ៕
អត្ថបទ៖ លី ឈុនឡា