ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) បានចាត់ទុកជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថា ជាឱកាស ដើម្បីឲ្យសហរដ្ឋអាមេរិកគិតគូឡើងវិញនូវ «គោលនយោបាយខុសឆ្គង» កន្លងមក។
លោក Trump ដែលគ្រោងនឹងវិលទៅកាន់សេតវិមានវិញ ក្នុងខែមករា បន្ទាប់ពីបានឈ្នះអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា បានបន្តយុទ្ធសាស្រ្ត «ដាក់សម្ពាធខ្លាំងក្លាបំផុត» លើប្រទេសអ៊ីរ៉ង់ អំឡុងអាណត្តិដំបូងរបស់លោក។
អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Irna ដែលបាននិយាយថា៖ «យើងមាននូវបទពិសោធន៍ដ៏ជូរចត់ជាមួយនឹងគោលនយោបាយ និងវិធីសាស្រ្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងៗគ្នា កាលពីអតីតកាល»។ លោកបានបន្ថែមថា ការឈ្នះរបស់លោក Trump គឺជាឱកាសមួយ ដើម្បី «ពិនិត្យពិចារណាឡើងវិញនូវគោលនយោបាយខុសខ្គងកាលពីមុន»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជាគូអរិនឹងគ្នា ចាប់តាំងពីមានបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩ ប៉ុន្តែភាពតានតឹងបានឡើងដល់កម្រិតខ្ពស់បំផុត អំឡុងអាណត្តិដំបូងរបស់លោក Trump ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៕