យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា បណ្ដាក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈធំៗជាងគេបំផុតរបស់ពិភពលោក ជាមធ្យមលក់ផលិតផលនៅក្នុងប្រទេសមានប្រាក់ចំណូលទាប ដែលមិនសូវជាផ្ដល់ប្រយោជន៍ល្អដល់សុខភាពជាងផលិតផលដែលក្រុមហ៊ុនទាំងនោះលក់ នៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
ផលិតផលដែលលក់ដោយក្រុមហ៊ុននានា ដោយរួមមាន Nestle, Pepsico និង Unilever ត្រូវបានវាយតម្លៃជាផ្នែកនៃសន្ទស្សន៍សកល ដែលចេញផ្សាយដោយ Access to Nutrition Initiative (ATNI) ជាលើកដំបូងរបស់ស្ថាប័ននេះ គិតចាប់តាំងពីឆ្នាំ២០២១ មក។
ក្រុមមិនស្វែងរកប្រាក់ចំណេញ បានរកឃើញថា នៅទូទាំងក្រុមហ៊ុនចំនួន ៣០ តាមរយៈប្រព័ន្ធវាយតម្លៃសញ្ញាផ្កាយដែលត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ផលិតផលដែលដាក់លក់នៅក្នុងប្រទេសមានប្រាក់ចំណូលទាប ទទួលបានពិន្ទុទាបជាងផលិតផលដែលបានលក់នៅក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់។
នៅក្នុងប្រព័ន្ធចាត់ចំណាត់ថ្នាក់សញ្ញាផ្កាយផ្នែកសុខភាព ផលិតផលត្រូវបានចាត់ថ្នាក់ពីផ្កាយ ១ ដល់ ៥ ជុំវិញគុណភាពសុខភាពរបស់ផលិតផលទាំងនោះ ដោយផ្កាយ ៥ គឺតំណាងឲ្យគុណភាពល្អបំផុត ហើយពិន្ទុលើសពី ៣,៥ ចាត់ទុកថា ជាជម្រើសដែលល្អប្រសើរជាងដល់សុខភាព។
នៅក្នុងប្រទេសមានចំណូលទាប គុណភាពផលិតផលរបស់ក្រុមហ៊ុនពហុជាតិ ទទួលបានការវាយតម្លៃ ១,៨ តាមរយៈប្រព័ន្ធនោះ។ នៅប្រទេសមានប្រាក់ចំណូលខ្ពស់ ជាកន្លែងដែលផលិតផលកាន់តែច្រើន ត្រូវបានធ្វើតេស្ត ផលិតផលទាំងនោះមានកម្រិតពិន្ទុ ២,៣៕