នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិនបានអំពាវនាវឲ្យចិន-សហរដ្ឋអាមេរិកក្លាយជាប្រទេសចេះគោរពគ្នាទៅវិញទៅមក ជាទីដែលការខ្វែងគំនិតគ្នាអាចគ្រប់គ្រងបានត្រឹមត្រូវ ។
ការឆ្លើយតបនេះ កើតជាសំនួរនៅក្នុងសន្និសីទសារព័ត៌មានដែលបានសុំបញ្ជាក់ថាតើប្រធានាធិបតីចិនលោក Xi Jinping មានបានទូរស័ព្ទ ឬផ្ញើរសារទៅកាន់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ដែរឬទេ ។
សារអបអរសាទររបស់លោក Xi ដល់លោក Donald Trump ហាក់ស្ងប់ស្ងាត់ជាងពេលដែលលោក Trump បានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា លោក Xi Jinping បានអបអរសារទរប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ។ លោក Xi បានចង្អុរបង្ហាញថា ប្រវត្តិសាស្រ្តបានបង្ហាញពួកយើងថា កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក នឹងផ្តល់ប្រយោជន៍ដល់ភាគីទាំង ២ ហើយការប្រយុទ្ធគ្នា នឹងធ្វើឲ្យពួកគេប៉ះពាល់ ។ ទំនាក់ទំនងប្រកបដោយស្ថិរភាព សុខភាព និងចីរភាព នឹងស្របតាមផលប្រយោជន៍រួមរបស់ប្រទេសទាំង ២ និងការរំពឹងទុករបស់សហគមន៍អន្តរជាតិ ។
ជ័យជំនះរបស់លោក Trump អាចធ្វើឲ្យកើតមានបញ្ហាដូចកាលពីតំណែងប្រធានាធិបតីលើកដំបូងរបស់លោក ពេលដែលលោកចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ កាលពីឆ្នាំ ២០១៨ បើទោះបីជាសង្រ្គាមនេះ ឈប់ទៅវិញ មុនពេលការរីករាលដាលសកលជំងឺ COVID-19 ក្នុងខែមករា ឆ្នាំ ២០២០ ៕

