រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានានៃប្រទេសទាំងពីរ។
ការអត្ថាធិប្បាយរបស់លោក Cho បានកើតឡើង បន្ទាប់ពីលោក ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ ជាជ័យជម្នះដែលបង្កើនការរំពឹងទុកនៅក្នុងប្រទេសកូរ៉េខាងត្បូងអំពីការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗពីរដ្ឋបាលលោក ចូ បៃដិន ក្នុងវិធីមួយដែលអាចរង្គោះរង្គើសម្ព័ន្ធភាពទ្វេភាគីជាមួយ ទីក្រុងវ៉ាស៊ីនតោន។
លោក Cho បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំអន្តរទីភ្នាក់ងារនៃរដ្ឋមន្ត្រីការបរទេស ឧស្សាហកម្ម និងហិរញ្ញវត្ថុថា៖«អ្នកខ្លះបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតចំពោះសម្ព័ន្ធមិត្ត និងឧស្សាហកម្មក្នុងស្រុករបស់យើង បន្ទាប់ពីលោក ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី។
លោកបាននិយាយថា៖«ឥស្សរជន និងមន្ត្រីសំខាន់ៗជាច្រើនដែលបានធ្វើយុទ្ធនាការជាមួយលោក ត្រាំ ដែលយើងធ្លាប់ជួប បានបង្ហាញពីការគាំទ្រឥតងាករេ និងទ្វេភាគីរបស់ពួកគេសម្រាប់សម្ព័ន្ធភាពរបស់យើងជាមួយសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុន»។

