គេហទំព័រសារព័ត៌មាន Ynet បានឲ្យដឹងថា នាយអគ្គសេនាធិការនៃកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បានអំពាវនាវឲ្យមានផែនការលម្អិតនៃការពង្រីកប្រតិបត្តិការជើងគោកដែលកំពុងបន្តប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។
លោក Halevi បានថ្លែងនៅកិច្ចប្រជុំស្តីពីស្ថានការណ៍ប្រតិបត្តិការ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ពីរគ្រាប់របស់លីបង់លើភាគកណ្តាលអ៊ីស្រាអែលថា៖«ស្របពេលមានកិច្ចប្រឹងប្រែងការទូត ដើម្បីសម្រេចបានកិច្ចព្រមព្រៀង នៅក្នុងប្រទេសលីបង់ យើងត្រូវបន្តបង្កើតផែនការសម្រាប់ការបន្តការប្រយុទ្ធ នៅក្នុងប្រទេសលីបង់ រួមទាំងការពង្រីកនិងបង្កើនកិច្ចប្រតិបត្តិការ[ជើងគោក] ហើយយើងនឹងធ្វើឲ្យផែនការទាំងនេះដំណើរការ តាមតម្រូវការចំាបាច់»។
យោងតាមលោក Halevi បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) «បន្តវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា តាមផែនការនៅក្នុងតំបន់ទាំងមូល នៅភាគខាងត្បូងលីបង់ គឺជ្រលងភ្នំ Beqaa ទីក្រុងបេរូត និងនៅប្រទេសស៊ីរី»។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើគោលដៅយោធារបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលខ្លួនបានបើកប្រតិបត្តិការដែលមានឈ្មោះថា Northern Arrows។ គោលដៅដែលបានប្រកាសរបស់អ៊ីស្រាអែល គឺបង្កើតលក្ខខណ្ឌសុវត្ថិភាព នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ដើម្បីឲ្យអ្នកស្រុករាប់ម៉ឺននាក់អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។

