ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងថ្លែងសុន្ទរកថាបង្កប់ដោយក្ដីឈឺចាប់ទៅកាន់ប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) នេះ ដោយប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យលោក Donald Trump បន្ទាប់ពីគូអរីផ្នែកនយោបាយរបស់លោក បានឈ្នះការបោះឆ្នោតយ៉ាងលើសលប់លើអនុប្រធានាធិបតី លោកស្រី Kamala Harris។
ជាអ្វីដែលបង្ហាញថា នឹងក្លាយជាពេលវេលាដ៏សោកសៅ សម្រាប់លោក Biden លោកនឹងនិយាយនៅឯសួន Rose Garden របស់សេតវិមាន នៅវេលាម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) ដើម្បី «ជជែកអំពីលទ្ធផលបោះឆ្នោត និងការផ្ទេរអំណាច» ទៅឲ្យលោក Trump ដែលត្រូវកាន់តំណែងអាណត្តិទី២។
គួរបញ្ជាក់ថា បុរសវ័យ ៨១ឆ្នាំរូបនេះ បានដកខ្លួនចេញពីការប្រកួតប្រជែងទល់នឹងលោក Trump កាលពីខែកក្កដា ហើយបានប្រគល់បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យឲ្យទៅលោកស្រី Harris ប៉ុន្តែឥឡូវនេះ លោកទំនងជាឃើញកេរដំណែលរបស់លោកត្រូវបានធ្វើឲ្យរលំរលាយ ដោយការវិលត្រឡប់មកវិញដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គណបក្សសាធារណរដ្ឋ។
តែទោះជាយ៉ាងណាក្ដី លោក Biden បានប្តេជ្ញាចិត្តបង្ហាញឲ្យឃើញនូវភាពផ្ទុយស្រឡះពីលោក Trump ដែលបដិសេធមិនទទួលយកការបរាជ័យ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដោយសារលោក Biden ដោយបានបង្កើតឲ្យមានការលុកលុយយ៉ាងហិង្សាពីអ្នកគាំទ្ររបស់លោក Trump ចូលវិមាន Capitol របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
អមដោយការអះអាងទាំងបំភ័ន្តពីការក្លែងបន្លំអ្នកបោះឆ្នោត លោក Trump ក៏បានបដិសេធមិនចូលរួម ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Biden ផងដែរ ហើយមិនអនុញ្ញាតឲ្យមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងយ៉ាងត្រឹមត្រូវនោះឡើយ៕

