នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកនឹងធ្វើការលើការពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក Donald Trump មានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី។
លោក Tusk បាន និងកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន មុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុង Budapest ប្រទេសហុងគ្រី នាថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) និងថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) ដែលការវិលត្រឡប់ទៅកាន់អំណាចវិញរបស់លោក Trump និងការដួលរលំនៃក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសអាល្លឺម៉ង់ នឹងក្លាយជាចំណុចពិភាក្សាដ៏សំខាន់។
លោកបានលើកឡើងថា សារដ៏សំខាន់មួយ សម្រាប់កិច្ចប្រជុំនេះ នឹងជាតម្រូវការក្នុងការពង្រឹងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ដោយមិនគិតពីអ្នកណាដឹកនាំប្រទេសណាឡើយ។ លោក Tusk បាននិយាយថា៖ «ជាមួយប្រធានាធិបតី លោក Trump យើងនឹងធ្វើការលើការពង្រឹងទំនាក់ទំនងប៉ូឡូញ-សហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា៖ «ប្រសិនបើយើងរំពឹងថា នឹងមានការផ្លាស់ប្តូរជាក់លាក់ ឬភាពចលាចល នៅក្នុងភូមិសាស្ត្រនយោបាយ និងស្ថានភាពអន្តរជាតិ នោះទាំងអឺរ៉ុប និងប៉ូឡូញ គួរតែបន្តថែរក្សាទំនាក់ទំនងអន្តរអាត្លង់ទិកឲ្យមានប្រសិទ្ធភាពបំផុត»។
គួរបញ្ជាក់ថា បន្តិចនៅមុនការបោះឆ្នោត នាថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) នៅសហរដ្ឋអាមេរិក លោក Tusk បានសរសេរនៅលើបណ្ដាញសង្គម X ថា ទោះលទ្ធផលនៃការបោះឆ្នោតចេញមកយ៉ាងណាក៏ដោយ «ក៏យុគសម័យនៃការពឹងផ្អែកលើភាគីផ្សេងផ្នែកភូមិសាស្ត្រនយោបាយ បានចប់ហើយ»៕

