ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) នេះ បាននិយាយថា ដោយត្រូវបានជំរុញដោយការប្ដេជ្ញាចិត្តរបស់បក្សធំៗទាំង២ នៅទីក្រុងវ៉ាស៊ីនតោន ប្រទេសហ្វីលីពីនរំពឹងថា គោលនយោបាយរបស់អាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសន្ធិសញ្ញាសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែមានស្ថិរភាពដដែល ក្រោមការដឹកនាំរបស់លោក Donald Trump ចំពេលមានភាពតានតឹង នៅក្នុងសមុទ្រចិនខាងត្បូង។
លោក Jose Manuel Romualdez បាននិយាយថា ទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ យកការទប់ទល់នឹងឥទ្ធិពលរបស់ចិនជាអាទិភាពចម្បង ក្នុងនោះរួមទាំងនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ ដោយលោកលើកឡើងថា កិច្ចសហប្រតិបត្តិការយោធា ទំនាក់ទំនងសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តផ្នែកសន្តិសុខជាមួយហ្វីលីពីន នឹងបន្តមានដដែល។
លោក Romualdez បានប្រាប់សារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយថា៖ «នេះគឺជាផលប្រយោជន៍របស់ពួកគេ ដែលថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅតែបើកចំហរ សន្តិភាព និងស្ថិរភាព ជាពិសេសដោយគិតដល់ផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះ ដោយមានការធ្វើពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់រាប់សែនកោដិដុល្លារឆ្លងកាត់សមុទ្រចិនខាងត្បូង»។
គួរបញ្ជាក់ថា ការពាក់ព័ន្ធគ្នាផ្នែកសន្តិសុខ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីនកាន់តែមានភាពស៊ីជម្រៅ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Joe Biden និងសមភាគីហ្វីលីពីន លោក Ferdinand Marcos Jr ដោយមេដឹកនាំទាំង២ ចង់ទប់ទល់ទៅនឹងអ្វីដែលពួកគេមើលឃើញថា ជាសកម្មភាពគឃ្លើនរបស់ចិន នៅសមុទ្រចិនខាងត្បូង និងនៅជិតកោះតៃវ៉ាន់៕

