រដ្ឋបាលមូលដ្ឋាន បាននិយាយថា មនុស្សជាង ៩០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេលតែមួយថ្ងៃ នៅក្នុងទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន ដោយសារតែខ្យល់បរិយាកាសកខ្វក់។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) មន្ត្រីជាន់ខ្ពស់ខេត្ត លោក Marriyum Aurangzeb បាននិយាយថា កុមារ និងមនុស្សចាស់ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យស្ថានភាពផ្លូវដង្ហើម និងការឆ្លងវីរុសតាមបំពង់ក។
គួរបញ្ជាក់ថា ខេត្តមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសប៉ាគីស្ថាន គឺ Punjab ដែលទីក្រុង Lahore ជារដ្ឋធានីនោះ ត្រូវចុះបញ្ជីមានខ្យល់បរិយាកាសកខ្វក់ដ៏គ្រោះថ្នាក់ ក្នុងរដូវរដូវរងា នៅពេលដែលចរន្តខ្យល់បក់ខ្សោយ ត្រូវបានប្រមូលផ្តុំដោយផ្សែងពីការដុតសម្អាតស្រែចម្កា និងការបំភាយឧស្ម័ន នៅទីក្រុង។
ក្រុមហ៊ុនតាមដានគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) នេះ បានដាក់ទីក្រុង Lahore ជាលើកដំបូង ក្នុងចំណោមទីក្រុងបំពុលបរិយាកាសខ្លាំងបំផុតរបស់ពិភពលោក ដោយមានសន្ទស្សន៍គុណភាពខ្យល់ ៧១០ ជាកម្រិតទ្វេដងដែលមាននៅទីក្រុង New Delhi របស់ប្រទេសឥណ្ឌា ហើយបើប្រៀបធៀបទៅនឹងកម្រិតសុវត្ថិភាព ៥០៕



