ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានអំពាវនាវដល់បណ្តាមេដឹកនាំអឺរ៉ុបឲ្យអនុវត្តវិធីសាស្រ្ត «សន្តិភាពតាមរយៈកម្លាំង» ដើម្បីប្រឈមមុខទៅនឹងការគំរាមកំហែងបង្កឡើងដោយរុស្ស៊ី។

ការអំពាវនាវរបស់លោក Zelenskiy ធ្វើឡើងបន្ទាប់ពីលោក Donald Trump បានឈ្នះអាណត្តិមួយទៀតនៅក្នុងសេតវិមាន ដែលនាំមកនូវភាពមិនច្បាស់លាស់អំពីគោលនយោបាយអនាគតរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោកបានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគីវ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ដោយពុំបាននិយាយលម្អិត លោក Trump ក៏បានប្តេជ្ញាថានឹងបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័ស។ ទោះជាយ៉ាងណា លោក Zelenskiy បានសរសើរ «ការប្តេជ្ញាចិត្តរបស់ លោក Trump ចំពោះវិធីសាស្រ្ត «សន្តិភាពតាមរយៈកម្លាំង» នៅក្នុងកិច្ចការពិភពលោក។
នៅក្នុងសុន្ទរកថា កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុង Budapest ប្រទេសហុងគ្រី លោកបានគាំទ្រការអត្ថាធិប្បាយនេះ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការការគាំទ្រយ៉ាងរឹងមាំពីបណ្តាមេដឹកនាំនៅអឺរ៉ុប ដែលមួយចំនួន លោកបានរិះគន់ចំពោះកាគាំទ្រឲ្យផ្តល់សម្បទានដល់រុស្ស៊ី។ លោកនិយាយបន្ថែមថា «វាមិនអាចទទួលយកបានទេ សម្រាប់អ៊ុយក្រែន និងប្រហែលជានាំទៅរកការបំផ្លាញសម្រាប់អឺរ៉ុបទាំងមូល»។