សមាជិកសភាក្រុមហេសបូឡា លោក Ibrahim al-Moussawi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅពេលសួរអំពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Donald Trump ថា ក្រុមហេសបូឡា ស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសលីបង់ តែមិនសង្ឃឹមខ្លាំងទេថានឹងមានសម្រាប់បទឈប់បាញ់លើរដ្ឋបាលពិសេសណាមួយរបស់សហរដ្ឋអាមេរិក ។

លោក Moussawi បានប្រាប់សារព័ត៌មាន Reuters ថា អាចជាការផ្លាស់ប្តូរនៅក្នុងគណបក្សដែលកាន់អំណាច ប៉ុន្តែនៅពេលនិយាយអំពីប្រទេសអ៊ីស្រាអែល ពួកគេមានគោលនយោបាយដូចគ្នាច្រើនឬតិច ។យើងចង់ឃើញចំណាត់ការ យើងចង់ឃើញការសម្រេចចិត្ត មិនមែនត្រឹមតែសម្ដីទេ។អ៊ីស្រាអ៊ែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់របស់លីបង់ បានប្រយុទ្ធគ្នាអស់រយៈពេលជាងមួយឆ្នាំ ស្របគ្នានឹងសង្រ្គាមហ្កាហ្សា ប៉ុន្តែការប្រយុទ្ធបានកើនឡើងចាប់តាំងពីចុងខែកញ្ញា ដោយកងទ័ពអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកទៅលើភាគខាងត្បូង និងខាងកើតនៃប្រទេសលីបង់ និងមានការលុកលុយតាមភូមិនានានៅព្រំដែន។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយោធារបស់ក្រុមហេសបូឡា ខណៈកំពុងបញ្ចៀសការប៉ះពាល់លើជនស៊ីវិល។ មន្ត្រីហេសបូឡា និងប្រទេសលីបង់ ចង្អុលបង្ហាញពីការកើនឡើងចំនួនអ្នកស្លាប់ ដោយមនុស្សជាង៣.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ និងការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងប្រទេសនេះ ជាភស្តុតាងថាភ្លើងសង្គ្រាមរបស់អ៊ីស្រាអែលសម្លាប់មនុស្សដោយមិនរើសមុខឡើយ។

គួររម្លឹកថាកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលរួមបញ្ចូលសំណើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃបានរអាក់រអួលកាលពីសប្តាហ៍មុន នៅមុនការបោះឆ្នោតសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលអតីតប្រធានាធិបតីលោកTrump បានដណ្តើមយកសេតវិមានឡើងវិញ៕