ការស៊ើបអង្កេតរបស់សារព័ត៌មាន AFP បានរកឃើញថា ព័ត៌មានមិនពិតដែលរាលដាលពេញបណ្តាញផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលទឹកជំនន់ដ៏មហន្តរាយនៅប្រទេសអេស្ប៉ាញ បានគំរាមកំហែងដល់ការងារដ៏សំខាន់នៃសេវាសង្គ្រោះបន្ទាន់នានា និងធ្វើឲ្យមានការភ័យខ្លាច កំហឹង និងការព្រួយបារម្ភ។
ទឹកជំនន់ដ៏មហន្តរាយបំផុតរបស់ប្រទេសនៅអ៊ឺរ៉ុបមួយនេះ បានបណ្តាលឲ្យមនុស្សជាង២១០នាក់ស្លាប់ ហើយមនុស្សរាប់សិបនាក់ទៀតបានបាត់ខ្លួន និងបានធ្វើឲ្យជន់លិចក្រុងនានា និងពេញដោយដីល្បប់ ជាពិសេសនៅតំបន់ Valencia ភាគខាងកើត។

ការផ្ញើសារមិនពិត បានកើនឡើងច្រើននៅលើបណ្តាញសង្គម ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយបោកបក់នៅប្រទេសអេស្ប៉ាញ ដោយទឹកភ្លៀងក៏បានធ្លាក់នៅក្បែរទន្លេ Magro និងទន្លេ Mijares ដែលប្រជាជនបានឃើញការព្រមានអំពីបទបញ្ជាជម្លៀសចេញដោយអាជ្ញាធរ។

ទោះបីជាមន្ត្រី បានព្រមានអ្នកស្រុកឱ្យនៅឆ្ងាយពីច្រាំងទន្លេក៏ដោយ ប៉ុន្តែពួកគេពុំដែលបានសុំឱ្យប្រជាជនចាកចេញពីលំនៅឋាន ដូចការអះអាងរបស់សារក្លែងក្លាយនោះទេ។
ក្រុមគាំទ្រប្រតិបត្តិការ ជាសមាគមអ្នកស្ម័គ្រចិត្ដ ដែលតាមដានបណ្តាញផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលមានវិបត្តិ បានប្រាប់សារព័ត៌មាន AFP ថា ព័ត៌មានមិនពិតនេះ បង្កឱ្យមានភាពវឹកវរ។
វាមានហានិភ័យ ដែលមើលឃើញអ្នកស្រុកភ័យស្លន់ស្លោ រត់ចេញពីទីក្រុងរបស់ពួកគេ «តាមរបៀបគ្មានសណ្តាប់ធ្នាប់» នៅលើដងផ្លូវត្រូវបានបំផ្លាញដោយទឹកជំនន់ ដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើចរាចរណ៍រថយន្តសង្គ្រោះបន្ទាន់។