ទូកក្ដោង៖ គណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែសីហាបានបន្ដបើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងផែនការរៀបចំរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់លើកដំបូងនេះ។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈ កម្មការរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិនាពេលខាងមុខ និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់គណៈកម្មការជំនាញ ដើម្បីត្រៀមរៀបចំការប្រកួតមួយដ៏ធំដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជានេះ។ ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការបញ្ជាក់ជាច្រើនចំណុចជាមួយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដែលនឹងត្រូវសហការជាមួយសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ពិសេសពាក់ព័ន្ធនីតិវិធីនៃការចុះឈ្មោះ ការកំណត់កាលបរិច្ឆេទចុះឈ្មោះ និងការកំណត់ចំនួនអ្នកចូលរួមជាដើមដើម្បីធានាបាននូវសុវត្ថិភាព និងងាយស្រួលក្នុងការគ្រប់គ្រង។ ឆ្លើយតបនឹងការក្រើនរំឭកជុំវិញការត្រៀមខ្លួននេះ ឯកឧត្តម ថោង រដ្ឋសក្ដិ អគ្គលេខាធិការសហព័ន្ធ និងជាអនុប្រធានគណៈកម្មការរៀបចំបានបញ្ជាក់លម្អិតនូវកម្មវិធីផ្សេងៗ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ទាំងការងារបច្ចេកទេស និងការចូលរួម ក៏ដូចជាការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករដែលនឹងមកចូលរួមប្រកួតជាដើម ពោលគឺសហព័ន្ធបានត្រៀមខ្លួនរួច រាល់ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាទូកក្ដោងអន្ដរជាតិលើកដំបូងនេះ។
សូមបញ្ជាក់ថា ក្រោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈ កម្មាធិការជាតិ CAMSOC បានបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីដឹកនាំ និងរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងជើងឯកអាស៊ាននេះ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ផ្ទាល់។ ព្រឹត្តិការណ៍នេះគ្រោងនឹងរៀបចំការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនៅតំបន់ឆ្នេរខេត្តព្រះសីហនុ ដោយគ្រោងមានកីឡាករជិត ២០០នាក់មកពី ៧ប្រទេសចូលរួមប្រកួតលើវិញ្ញាសាចំនួន ១២ ដែលសហការរៀបចំដោយសហព័ន្ធកីឡាទូកក្ដោងដោយកម្ពុជា និងសិង្ហបុរី៕
អត្ថបទ៖ លី ឈុនឡា