ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រអាមេរិក គណបក្សដ៏ធំមួយបានតែងតាំងស្ត្រីជាបេក្ខភាពប្រធានាធិបតី ហើយនោះក៏ជាបរាជ័យលើកទីពីរដែរ។ ការចាញ់ឆ្នោតរបស់បេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស ទល់នឹងលោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ ក្នុងថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីបរាជ័យរបស់លោកស្រី ហ៊ីលឡារី ឃ្លីនតុន (Hillary Clinton) ក្នុងឆ្នាំ២០១៦ ជាជំហានថយក្រោយជាថ្មីសម្រាប់ស្រ្តីអាមេរិកក្នុងឆាកនយោបាយ។

ហេតុផលសម្រាប់បរាជ័យរបស់លោកស្រី ហារីស មានច្រើន ដោយការស្ទង់មតិក្រោយបោះឆ្នោតពីស្ថាប័នស្រាវជ្រាវ អ៊ីឌីសុន (Edison Research) បង្ហាញថា ក្ដីបារម្ភយ៉ាងខ្លាំងពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុ គឺជាកត្តាជំរុញ។ ប៉ុន្តែកត្តារើសអើងភេទនៅតែបន្តកើតមាន។

ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវអ៊ីបសូស (Reuters/Ipsos) ក្នុងខែតុលា បានរកឃើញថា អ្នកបោះឆ្នោតភាគច្រើនដែលបានចុះឈ្មោះចំនួន ៥៥% បាននិយាយថា ការរើសអើងភេទគឺជាបញ្ហាចម្បងនៅក្នុងសហរដ្ឋអាមេរិក ខណៈ ១៥% និយាយថា ពួកគេហាក់មិនចង់បោះឆ្នោតជ្រើសរើសប្រធានាធិបតីស្ត្រីនោះទេ។

ស្ត្រីជាប្រមុខរដ្ឋាភិបាលនៅក្នុងរដ្ឋចំនួន១៣ ក្នុងចំណោមរដ្ឋសមាជិកចំនួន១៩៣ នៃអង្គការសហប្រជាជាតិ ទោះបីជាចំនួនប្រទេសដែលមានមេដឹកនាំជាស្ត្រីបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ១៩៩០ ក៏ដោយ។ នៅសហរដ្ឋអាមេរិក ចំនួន ៥១% នៃប្រជាជនសរុបគឺជាស្ត្រី និង ៤២% ជាមនុស្សចម្រុះជាតិសាសន៍ នេះបើយោងតាមជំរឿនរបស់សហរដ្ឋអាមេរិក៕