មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងមមាញឹកកែលម្អរសាលសារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»។
ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា រៀបចំឡើងដោយគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៤និង៣០នាទីរសៀល នៅសារមនី្ទរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចូលទស្សនាដោយសេរី ការតាំងពិព័រណ៌នេះ ទទួលបានបទពិសោធន៍ថ្មីៗអំពីការធ្វើកំណាយ និងស្រាវជ្រាវ ការសាកល្បងធ្វើក្បាច់លម្អ (ធ្វើជាបន្តោង/ផ្លិត) ការបង្កើតរូបគម្រោងជា3D ការទស្សនាសារមនី្ទរតាមបែបឌីជីថល ទទួលបានបទពិសោធន៍VR ការបង្កើតហ្គេមអំពីកុលាលភាជន៍ ការធ្វើសំនួរ-ចម្លើយ អំពីកុលាលភាជន៍ខ្មែរ (អ្នកឈ្នះនឹងទទួលបានវត្ថុអនុស្សាវរីយ៍) និងការបណ្តុះបណ្តាលលើជំនាញផលិតកុលាលភាជន៍ផងដែរ៕ អត្ថបទ៖ រដ្ឋា








