កងកម្លាំងអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា) ហើយបានបញ្ជាឱ្យមានការជម្លៀសបន្ថែមទៀត ដោយបង្កើតឱ្យមានរលកនៃភៀសខ្លួនជាថ្មីពីភាគខាងជើងតំបន់ហ្កាហ្សា ដែលប្រជាជនប៉ាឡេស្ទីនភ័យខ្លាចថាពួកគេនឹងមិនអាចត្រឡប់ទៅវិញបាន។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្សជាច្រើនបានស្លាប់ និងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយកន្លែងដែលពោរពេញដោយជនភៀសខ្លួននៅក្នុងជំរំ ស្ហាទី (Shati) ក្នុងទីក្រុងហ្កាហ្សា។

នៅពេលដែលរថក្រោះអ៊ីស្រាអែល បានវាយរុលទៅមុខនៅក្នុងទីក្រុង បេតឡាហ៊ីយ៉ា (Beit Lahiya) រយៈពេលមួយខែចូលទៅក្នុងការវាយរុញថ្មីលើភាគខាងជើងហ្កាហ្សា អ្នកស្រុករាប់រយគ្រួសារបន្តរត់ភៀសខ្លួន។ មន្ត្រីប៉ាឡេស្ទីននិយាយថា អ៊ីស្រាអែលកំពុងអនុវត្តផែនការ "បោសសម្អាតជាតិសាសន៍" ប៉ុន្តែត្រូវអ៊ីស្រាអែលបដិសេធ។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនត្រូវបានបង្ខំឱ្យបោសសម្អាតក្រុង ចាបាលីយ៉ា (Jabalia) និង បេតឡាហ៊ីយ៉ា ដើម្បីចាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសដែលបានប្រមូលផ្តុំឡើងវិញនៅទីនោះ។ យោធាក៏បានបដិសេធរបាយការណ៍សារព័ត៌មាន ដែលនិយាយថាជនភៀសខ្លួនចេញពីតំបន់ហ្កាហ្សាភាគខាងជើង នឹងមិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ៕